(ភ្នំពេញ)៖ ស្រ្តីជាប្រពន្ធទី២របស់តារាកំប្លែងជើងចាស់នាយ ហុង​ ដា​ ត្រូវបានឃាតករឹតកសម្លាប់ចោល នៅក្នុងបន្ទប់ជាន់ទី៥​ នៃអគារខុនដូ​ កំពុងស្ថាបនា ក្នុងភូមិតាឡី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ពោលនៅក្រោយផ្សារសារឿនយ៉ានី ប៉ុន្តែមិនទាន់ដឹងមូលហេតុនោះទេថា ជាករណីរំលោភសម្លាប់ ឬប្លន់ទ្រព្យសម្បត្តិ ​ឬជាករណីគំនុំ​គុំគួន ដោយនៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ។ (Fresh News TV កំពុងផ្សាយផ្ទាល់)

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុន​ពេលមានការភ្ញាក់ផ្អើលនេះមានស្ត្រីម្នាក់ឈ្មោះ​ អឿន​ ចិន្តា​ ត្រូវជាប្អូនស្រីបង្កើតរបស់លោក​ ហុង​ ដា​ បានដើរលេងតាមបន្ទប់ខុនដូក្នុងជាន់ទី៥​ ហើយពេលដើរដល់បន្ទប់របស់ស្រ្តីរងគ្រោះ ស្រាប់តែប្រទះឃើញជនរងគ្រោះ មានភួយរុំក្បាលនឹងមុខ​ មើលមិនស្គាល់ទេ​ ហើយគាត់ក៏មានការភ័យស្លន់ស្លោរ បានទូរស័ព្ទ​រាយ​ការណ៍ទៅសមត្ថកិច្ចភ្លាមៗដើម្បីសុំការអន្តរាគមន៍​។

​ក្រោយទទួលបានដំណឹង​នេះភ្លាម​ កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានចុះមកពិនិត្យជាក់ស្តែង ដល់ចំណុចខុនដូនេះ​ ហើយបានឲ្យ​ឈ្មោះ​ អឿន​ ចិន្តា​ ត្រូវជាប្អូនលោក​ ហុង​ ដា​ ចូលទៅមើលមុខសាកសពស្ត្រី ដែលត្រូវគេសម្លាប់ ទើបដឹងថា ​ស្ត្រីដែលត្រូវជនមិនស្គាល់មុខសម្លាប់នោះគឺមានឈ្មោះ​ ស៊ឹម​ ចន្ទី​ ហៅស្រីមុំ អាយុ​១៩ឆ្នាំ​ គឺជាប្រពន្ធក្រោយរបស់លោក​ ហុង​ ដា​ ដែលមកស្នាក់នៅក្នុងខុនដូ​នេះជាងកន្លះឆ្នាំមកហើយ​។

​បច្ចប្បន្នសមត្ថកិច្ចជំនាញ បានសហការណ៍ជាមួយ​កម្លាំងនគរបាលខណ្ឌដង្កោ​ កំពុងត្រួតពិនិត្យជុំវិញទីតាំងកើតហេតុ នឹងហៅសាក្សី ដែលរស់នៅក្បែរនោះ ​យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដើម្បីស្រាវជ្រាវតាមចាប់ឃាតក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់​។

ជាជំហានដំបូងសមត្ថកិច្ច មិនទាន់អាចបញ្ជាក់បានថា អាចកើតចេញរឿងអី្វឲ្យប្រាកដទេ​ (មិនដឹងថា ជាករណីរំលោភសម្លាប់​ ឬក៏ជាករណីប្លន់សម្លាប់​ឬជាករណីគំនុំ​គុំគួន រហូតឈានដល់ការសម្លាប់បែបនេះឡើយ៕

(ជនសង្ស័យ​ជាកូនប្រុសបង្កើតតារាកំប្លែងនាយ ហុងដា ដែលបានសម្លាប់ម្តាយចុងរបស់ខ្លួន)