(កណ្តាល)៖ លោក ចេង ឆហួត នាយកប្រតិបត្តិនៃស្ថានីយ៍ទូរទស្សន៍ យូខេធីវី តំណាងឲ្យលោកស្រី ទាវ ធីតា អនុប្រធានសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានឧបត្ថម្ភថវិកាចំនួន២លានរៀល ជូនដល់បុគ្គលិកក្រុមហ៊ុន៩៩៩បាត់តេ ដែលមានជំងឺមហារីក និងមានជីវភាពទីទ័លក្រ។

តាមរយៈលោក ចេង ឆហួត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បាននាំយកថវិកានេះ ជូនផ្ទាល់ដល់អ្នកស្រី ម៉ាត់ សំអាត មានអាយុ៥៥ឆ្នាំ ដែលរូបគាត់បានបម្រើការងារ នៅក្រុមហ៊ុន៩៩៩ បាត់តេចាប់តាំងពីឆ្នាំ១៩៩៣ ហើយសព្វថ្ងៃ គាត់កំពុងតែ ដេកសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំលើ ស្រុកល្វាឯម ខេត្តកណ្តាល។

អ្នកស្រី ម៉ាត់ សំអាត បានប្រាប់ឲ្យដឹងថា គាត់មានជំងឺមហារីកសុដន់ អស់រយៈពេលជាង ១ឆ្នាំកន្លងមកហើយ ដែលគាត់បាន សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យលោកសង្ឃ និងបន្ទាប់មកទៀត នៅមន្ទីរពេទ្យកូរ៉េ ដោយសារគ្រួសារ គ្មានថវិកាគ្រប់គ្រាន់ ដូច្នេះ ទើបត្រូវត្រឡប់ទៅព្យាបាល នៅផ្ទះវិញ ដោយព្យាបាលថ្នាំខ្មែរ។ បច្ចប្បន្នេះ គាត់គ្មានទីលំនៅស្នាក់នៅទេ គឺគាត់បាន ស្នាក់នៅជាមួយបងស្រីបង្កើត ដែលមានទីតាំងដូចខាងលើនេះ។

អ្នកស្រី ក៏បានអំពាវនាវដល់សប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភថវិកា និងសម្ភារៈផ្សេងៗ តាមលទ្ធភាពទោះជា តិចក្តី ច្រើនក្តី ដើម្បីអាចយកទៅព្យាបាលជំងឺមហារីកនេះ។ បងប្អូនណា ចង់ចូលរួមឧបត្ថម្ភ សូមមេត្តាទំនាក់ទំនងមកលេខ ទូរស័ព្ទ ០៩៦ ៦៩០ ៦២ ០២ និង ០៩៦ ៨៧០ ២៧ ៩៧។

លោកស្រី ទាវ ធីតា ជានិច្ចកាល បានជួយឧបត្ថម្ភ ដល់អ្នកខ្វះខាត អ្នកក្រីក្រ ដោយ​មិន​ប្រកាន់និន្នាការនយោបាយអ្វីឡើយ៕