(ស្វាយរៀង)៖ ដោយមើលឃើញពីការពលីជីវិតដើម្បីជាតិដ៏ធំធេងរបស់កងកម្លាំងមួកខៀវកម្ពុជានោះ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមុខដឹកនាំកាកបាទក្រហមកម្ពុជា បានចាត់ចែងក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកវេជ្ជបណ្ឌិត​ អ៊ុយ​ សំអាត​ នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហមកម្ពុជា នាំយកសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងបច្ច័យចំនួន២០លានរៀល ទៅចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក​ ម៉ៅ​ អេង​ ទាហានមួកខៀវកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិកម្ពុជា និងអន្តរជាតិ នៅប្រទេសអាហ្រ្វិកកណ្តាល។

ពិធីបុណ្យសពលោកអនុសេនីយ៍ឯក​ បានធ្វើឡើងនៅគេហដ្ឋានរបស់លោកផ្ទាល់ នៅភូមិបាក់រនាស់​ សង្កាត់សង្ឃ​ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង ខណៈដែលសពជនរងគ្រោះ មិនទាន់បានបញ្ជូនមកដល់ប្រទេសកម្ពុជានៅឡើយទេ គឺត្រូវចំណាយពេលប្រមាណ២សប្តាហ៍ទៀតយ៉ាងតិច។

ជាមួយនឹងការចូលរួមជាបច្ច័យ២០លានរៀលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមាតាមនុស្សធម៌នៅកម្ពុជា បានចាត់ចែងនាំយកនូវអំណោយផ្សេងៗ ទៀតជូនគ្រួសារសព ក្នុងនោះមានដូចជា អង្ករ ២០០គ.ក្រ, ត្រីខ​ ៥០កំប៉ុង, មី ៥កេស, អូវ៉ាន់ទីន​ ១កេស, ស្ករស ៥គីឡូ, ទឹកក្រូច ១០កេស និងគូលេនកំប៉ុងចំនួន​ ១កេសទៀតផង។

ការនាំយកបច្ច័យទៅចូលរួមបុណ្យសពទាហានដែលបានធ្វើពលិកម្មដើម្បីជាតិ និងអន្តរជាតិនេះ ជាការបង្ហាញទឹកចិត្តសប្បុរសធម៌ដ៏ធំធេងរបស់ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានខិតខំ និងយកចិត្តទុកដាក់អស់ពីកម្លាំង-កាយចិត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ការចូលរួមនេះ​ ក៏ជាបង្ហាញពីអំពីការដឹងគុណដ៏អនេករបស់ទាហានកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិកម្ពុជា ក្នុងការការពារសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានសេចក្ដីរន្ធត់យ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុត នៅពេលទទួលព័ត៌មានថា ទាហានមួកខៀវកម្ពុជា ៤រូប បានទទួលមរណភាពនៅ​ប្រទេសអាហ្រ្វីកកណ្ដាលនេះ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏​ក្រៀមក្រំបំផុតនេះ ជាមួយនឹងក្រុមគ្រួសារនៃសព ហើយសូមឲ្យវិញ្ញាណក្ខន្ធ​សព​​ទាំង ៤នាក់ បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀង​ឃ្លាតឡើយ។

សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជា ៤រូប ដែលពិលីជីវិតនោះរួមមាន៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និងលោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ៕