(ភ្នំពេញ)៖ បុរសជនជាតិបរទេសម្នាក់ សង្ស័យបែកថ្នាំ បានទៅវាយទូ ATM របស់ធនាគារ ABA ប៉ុន្តែត្រូវកម្លាំងនគរបាលចាប់ខ្លួន នៅរសៀលថ្ងៃទី១១ ខែឧសភា​ ឆ្នាំ២០១៧នេះ។ ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅចំណុចមុខ ប្រៃសណីយ៍ ផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុគេបានឃើញ បុរសជនជាតិបរទេសម្នាក់ ដែលមានអាយុជាង៤០ឆ្នាំ បានដើរតាមផ្លូវខាងលើ ក៏ស្រាប់តែមកដក លុយនៅទូ ATM របស់ធនាគារ ABA តែដកមិនចេញ បណ្តាលឲ្យមួម៉ៅក្ដៅក្រហាយ រហូតវាយបំបែកទូតែម្ដង។

ភ្លាមៗនោះប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ច បានមកឃាត់ខ្លួនជនបរទេសខាងលើ ដើម្បីយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលវត្តភ្នំ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការតាមនិតីវិធីច្បាប់៕