(ភ្នំពេញ)៖ ប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia លោក Anthony F. Fernandees បានប្រកាសថា ក្រុមហ៊ុនរបស់លោក នឹងបើកការហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅក្រុងព្រះសីហនុ ដែលជាទីក្រុងទេសចរណ៍តំបន់ឆ្នេរនាពេលឆាប់ ៗខាងមុខនេះ។

ប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia បានប្រកាសឲ្យដឹងបែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងសំណេះ សំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក Anthony F. Fernandees  បានឲ្យដឹងថា ការហោះលើកដំបូង នឹងធ្វើឡើងចំនួន ៤ជើងក្នុង១សប្តាហ៍។ ពេលដំណើរការ បាន រយៈពេល៣ខែ ក្រុមហ៊ុននឹងមានការហោះហើរជារៀងរាល់ថ្ងៃ។

លោកប្រធានប្រតិបត្តិរូបនេះ បានឲ្យដឹងដែរថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងការលក់សំបុត្រនៃការហោះហើរ ត្រង់មកពីទីក្រុងកូឡាឡាំពួរមកកាន់ទីក្រុងព្រះសីហនុ ហើយរូបលោកជឿជាក់ថា ការហោះហើរត្រង់នោះនឹងជួយជំរុញភ្ញៀវទេសចរមកកាន់កម្ពុជាកាន់តែច្រើន ថែមទៀត។ ជាពិសេសក្នុងរយៈពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនលោក នឹងអាចនាំភ្ញៀវទេសចរប្រមាណ ៣លាននាក់មកកាន់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរីករាយ និងស្វាគមន៍ចំពោះការហោះហើរត្រង់ជាលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ពីទីក្រុងកូឡាឡាំពួរ មកកាន់ទីក្រុងព្រះសីហនុ។ សម្តេចតេជោថា ការហោះហើយត្រង់នេះ នឹងនាំមកនូវការទាក់ទាញភ្ញៀវទេសចរណ៍មកកាន់កម្ពុជាផង និងម៉្យាងវិញទៀត គឺនឹងផ្តល់នូវជម្រើសដល់ប្រជាជនកម្ពុជាដែលនិងត្រូវធ្វើការហោះហើរត្រង់ ពីរាជធានីភ្នំពេញ ឬពីក្រុងព្រះសីហនុ ទៅកាន់ទីក្រុងកូឡាឡាំពួរផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Air Asia មានការហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ មកកាន់រាជធានីភ្នំពេញ និងមាន ការហោះហើរត្រង់ពីទីក្រុងបាងកក ប្រទេសថៃ មកកាន់រាជធានីភ្នំពេញ និងពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុងសៀមរាប។

ក្នុងជំនួបនាព្រឹកមិញនេះលោកប្រធានក្រុមហ៊ុនអាកាសចរណ៍បានវាយតម្លៃខ្ពស់ ចំពោះកម្ពុជាដែលបានរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍ ភាពស្រស់ថ្លា និងថាមពល ដែលកម្ពុជាកំពុងតែមានសុខសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយយ៉ាងល្អប្រសើរ ពិសេសទៅទៀតនោះ គឺយុវជនកម្ពុជាពោរពេញទៅដោយសក្តានុពលនិងមានភាពឈ្លាសវៃ ប្រកប ដោយឆន្ទៈខ្ពស់ ដើម្បីទទួលបានភាពជោគជ័យទាំងឡាយសម្រាប់អនាគតរបស់ពួកគេ។

លោកប្រធានប្រតិបត្តិក្រុមហ៊ុន ក៏បានសំដែងនូវសុទិដ្ឋិនិយមខ្លាំង ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ៕