(ភ្នំពេញ)៖ លោក ហ្វីលីព រ៉ុស្លើរ សមាជិកគណៈគ្រប់គ្រងវេទិកាសេដ្ឋកិច្ចពិភពលោក បានថ្លែងកោតសរសើរថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន ដែលធ្វើឡើងនៅលើទឹកដីកម្ពុជា ទាក់ទាញអ្នកចូលរួម​បានច្រើនមិនធ្លាប់មានពីមុនមកនោះឡើយ។

ការថ្លែងដូច្នេះ បានធ្វើឡើងក្នុងពេលលោក ហ្វីលីព រ៉ុស្លើរ អញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាល​ការងារជាមួយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក ហ្វីលីព រ៉ុស្លើរ បានគូសបញ្ជាក់ថា ការរៀបចំវេទិកាថ្ងៃនេះ គឺបានទទួលការទាក់ទាញពីអ្នកចូលរួមយ៉ាងច្រើនកុះករ ដែលកន្លងមក ពុំធ្លាប់មាន។ លោក ហ្វីលីព ក៏បានកោតសរសើរយុវជនកម្ពុជាផងដែរ។ តាមរយៈវេទិកាបើកចំហរ​ជាមួយនិស្សិតកាលពីថ្ងៃទី១០ ខែឧសភា លោកបានសង្កេតឃើញថា យុវជនកម្ពុជាពិសេសនិស្សិតកម្ពុជាមានសក្តានុពលខ្ពស់ និងកំពុងមានការស្រេកឃ្លានយ៉ាងខ្លាំងក្នុងការទទួលយកនូវចំណេះដឹងសម្រាប់អនាគតរបស់ពួកគេ។

សម្តេចតេជោនាយករដ្ឋមន្រ្តី រីករាយយ៉ាងខ្លាំង និងបានចាត់ទុកថា ការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជាថ្ងៃនេះ នឹងផ្តល់ឱកាសដល់មន្រ្តី និងប្រជាជនកម្ពុជា ពិសេសនិស្សិត និង យុវជន បានសិក្សារៀនសូត្រទទួលបានចំណេះដឹង និងបទពិសោធន៍ ដែលសម្តេចតេជោ ផ្ទាល់ចង់បាន នោះគឺការកាត់បន្ថយគម្លាតចំណេះដឹងរវាងពលរដ្ឋ និងពលរដ្ឋក្នុងតំបន់ និងក្នុងពិភពលោកតែម្តង។

សម្តេចតេជោ ហ៊ុន សែន អរគុណ មន្រ្តីក្រុមការងារ WEF ដែលបានសហការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ៕