(ភ្នំពេញ)៖ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន ត្រូវបានបើកដំណើរការជាផ្លូវការហើយនៅលើទឹកដីកម្ពុជា ដែលជាទឹកដីធ្លាប់ហ៊ុមព័ទ្ធ និងយាយីដូចភ្លើងសង្រ្គាមប្រមាណជា ៣ទសវត្សរ៍ ក្រោមក្រសែភ្នែករបស់អ្នកព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ វេទិកាក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីក្រុមអ្នកវិនិយោគល្បីៗលើពិភពលោក ព្រោះជាឱកាសសម្រាប់ពួកគេពង្រីកការវិនិយោគនៅ តំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង ៦០០លាននាក់។

ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌុយទែតេ ប្រធានាធិបតីហ្វីលីពីន លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីរដ្ឋមន្រ្តីមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនល្បីៗលើពិភពលោក អ្នកវិនិយោគ និងធុរជនជាច្រើនរូបទៀត។

ក្នុងវេទិកានេះ ទាំងសម្តេចតេជោ ហ៊ុន សែន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ លោក ថងលូន ស៊ីស៊ូលីត និង លោក ង្វៀន សួនហ៊្វុក សុទ្ធតែបានលើកបង្ហាញ និងបង្អួតពីសក្កានុពលសម្រាប់ការវិនិយោគនៅតំបន់អាស៊ានទៅកាន់អ្នកវិនិយោគ និងធុរជន ដែលកំពុងរកឱកាសវិនិ យោគនៅកម្ពុជា រួមទាំងបណ្តាប្រទេសសមាជិកអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលបើកវេទិកានោះថា ព្រឹត្តិការណ៍នេះបានកើតឡើង ស្របពេលនៃការប្រារព្ធខួប៥០ឆ្នាំ នៃការបង្កើតអាស៊ាន ដែលនឹងផ្ដល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងអ្នកនៅក្នុងប្រទេស អ្នកមកពីក្នុងតំបន់ និងអ្នកមកពីក្រៅតំបន់ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍ អំពីនិន្នាការដែលកំពុងកើតឡើងជុំវិញប្រធានបទធំៗបីសំខាន់ គីការប្រែប្រួលថ្មីនៃបរិការណ៍សកលលោក ការតភ្ជាប់សេដ្ឋកិច្ចអាស៊ាន និងផលលាភយុវជននៃតំបន់អាស៊ាន ប្រធានបទទាំងនេះ គឺជាកត្ដាកំណត់ដំណើរការអភិវឌ្ឍន៍របស់អាស៊ានក្នុងពេលអនាគត។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងរយៈពេល ៥ទសវស្ស៍រកន្លងមកនេះ តំបន់អាស៊ីអគ្នេយ៍ បានធ្វើដំណើរ ឆ្លងកាត់ដំណាក់កាលដ៏ស្មុគស្មាញជាច្រើន ពីតំបន់មួយដែលត្រូវបានបែងចែកជាពីរប្លុកពីរផ្សេងគ្នា រួមរឹតដោយជម្លោះទុក្ខលំបាកវេទនា និងភាពក្រីក្រ មកជាតំបន់មួយ ដែលមានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍរួបរួមជាសហគមន៍តែមួយនៅក្រោមចក្ខុវិស័យតែមួយគឺ «សហគមន៍អាស៊ាន» ដែលចារឹកទៅដោយ កំណើនសេដ្ឋកិច្ចខ្ពស់ និងការផ្លាស់ប្ដូររចនាសម្ព័ន្ធស៊ីជម្រៅ។ លើសពីនេះ អាស៊ាន បានឆ្លើយតបជាវិជ្ជមានចំពោះ ការដោះស្រាយបញ្ហាប្រឈមនានា ទាំងកម្រិតតំបន់ និងសកលលោកជាពិសេសបានចូលរួមធានានូវសន្ដិភាព សន្ដិសុខ សុវត្ថិភាព និង ស្ថិរភាព ជូនដល់ប្រជាជាតិក្នុងតំបន់អាស៊ី និង លើពិភពលោកទាំងមូលផងដែរ។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងឲ្យដឹងថា បច្ចុប្បន្នអាស៊ាន គឺជាសេដ្ឋកិច្ចលំដាប់ទី៣ នៅទ្វីបអាស៊ី និងទី៧ នៅលើពិភពលោក ជា មួយនឹងផលិតផលក្នុងស្រុកសរុបប្រមាណ ២,៦ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ២០១៦។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា អាស៊ានបានក្លាយជាគោលដៅវិនិយោគ ដែលមានកំណើនដ៏ឆាប់រហ័ស នៅលើពិភពលោក ពោលគឺទទួលបាននូវលំហូរទុនវិនិយោគផ្ទាល់ពីបរទេសប្រមាណ ១១ភាគរយ នៃលំហូរទុនវិនិយោគផ្ទាល់ ពីបរទេសសរុបរបស់ពិភពលោកនៅឆ្នាំ២០១៦ បើប្រៀបធៀបនឹង ឆ្នាំ២០០៧ ដែលមានត្រឹមតែប្រមាណ៥%ប៉ុណ្ណោះ។ លើសពីនេះ អាស៊ានក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ របស់ពិភពលោកផងដែរ ទំាងទេសចរណ៍វប្បធម៌ ទាំងទេសចរណ៍ធម្មជាតិ ដែលមានសុវត្ថិភាពល្អ និងបដិសណ្ឋារកិច្ចប្រកបដោយស្តង់ដារខ្ពស់។

នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក បានថ្លែងថា ប្រទេសក្នុងតំបន់អាស៊ានជាប្រទេសពោរពេញ ដោយកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ក្នុងការងារ ដែលជាអំណោយផលដ៏ល្អសម្រាប់ការវិនិយោគ។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោក ដែលហៅថា WEF ចាប់ផ្តើមឡើងនៅឆ្នាំ១៩៧១ នៅប្រទេសស្វីស។ WEF ជាអង្គការអន្តរជាតិមួយ ដែលទទួលស្គាល់ជុំវិញពិភពលោកជាអង្គការឯករាជ្យ អព្យាក្រឹត្យ មិនលំអៀងមិនស្ថិតក្រោម ចំណុះបរទេសណានោះទេ ប៉ុន្តែអង្គការនេះ បានប្រម៉ែប្រមូលគ្នា ដើម្បីពិភាក្សាធ្វើយ៉ាងម៉េចឲ្យពិភពលោក មានការរីកចម្រើន ជួបជុំគ្នារវាងថ្នាក់ដឹកនាំអ្នកនយោលបាយ អ្នកសេដ្ឋកិច្ច ផ្នែកឯកជនសង្គមក្រៅរដ្ឋាភិបាល និងសាស្រ្តចារ្យ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយលើបញ្ហាពិភពលោកជារៀងរាល់ឆ្នាំ។

បើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកានេះ បានថ្លែងថា ការដែល អង្គការលំដាប់ពិភពលោកនេះ ជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចវេទិកានេះ ដោយសារតែពួកគេបានមើលឃើញពីស្ថេរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជាពិសេសគឺមានការស្នើសុំជាច្រើនលើកច្រើនសារ ពីសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការមានឱកាសធ្វើជាម្ចាស់ផ្ទះនៃវេទិកា គឺជាកិត្តិយស និងជាមោទនភាពរបស់កម្ពុជា ដែលបានប្រែក្លាយពីប្រទេសហែកហួរដោយភ្លើងសង្រ្គាម និងបានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់រហូតមានលទ្ធភាព និងសមត្ថភាពអាចរៀបចំ វេទិកាលំដាប់អន្តរជាតិជាច្រើន។

តាមរយៈវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ប្រទេសកម្ពុជា ត្រូវបានផ្សព្វផ្សាយយ៉ាងសុះសាយទៅកាន់ឆាកអន្តរជាតិ តាមរយៈការផ្សព្វ ផ្សាយផ្ទាល់លើគេទំព័ររបស់វេទិកាសេដ្ឋកិច្ចពិភពលោក និងតាមរយៈបណ្តាញព័ត៌មានធំៗ លើពិភពលោករហូតដល់ទៅ ១២ស្ថានីយ។ វេទិកានេះ ក៏ជាការបើកឱកាសសម្រាប់កម្ពុជា ទាក់ទាញ និងស្វែងរកការវិនិយោគកាន់តែច្រើនថែមទៀត៕