(ភ្នំពេញ)៖ ក្រុមអ្នកវិនិយោគទុនរបស់ចិន បានបង្ហាញនូវគម្រោងចំនួន២ ក្នុងនោះមានគម្រោងទេសចរណ៍ទីក្រុងលើទឹក និងគម្រោងផែនការវិនិយោគយន្តហោះឯកជន ដើម្បីរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

គម្រោង២ខាងលើនេះ ត្រូវបានបង្ហាញឡើង នៅក្នុងកិច្ចប្រជុំពិភាក្សារវាង លោក អ៊ូ គ័រ សូវ ប្រធានសមាគមពាណិជ្ជកម្មចិនម៉ាកាវ និងឧកញ៉ា ឈិន យ៉ុងសៀង អគ្គនាយកក្រុមហ៊ុនឆ្នោតកីឡាជាតិ ជួបពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។

ឧបនាយករដ្ឌមន្រ្តី យឹម ឆៃលី បានស្វាគមន៍ ចំពោះគំរោងវិនិយោគទាំងអស់របស់ក្រុមអ្នកវិនិយោទុនរបស់ចិននាពេលនេះ។ លោកបានថ្លែងអំណរគុណ ចំពោះសហគ្រិនទាំងអស់ ដែលមានទំនុកចិត្តមកលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយលោកក៏ជឿជាក់ថា គំរោងចំនួន២ ដែលចិនគ្រោងនឹងមកវិនិយោគនៅកម្ពុជានេះ គឺជាសមិទ្ធផលដ៏ធំចំពោះប្រទេសកម្ពុជា និងជឿជាក់ថា គំរោងទាំង២នេះ នឹងដំណើរការយ៉ាងរលូន។

គួរបញ្ជាក់ថា លោក អ៊ូ គ័រ សូវ ប្រធានសមាគមពាណិជ្ជកម្មចិនម៉ាកាវ បានដឹកនាំក្រុមកាងារមកប្រទេសកម្ពុជា ដើម្បីធ្វើការសិក្សាស៊ីជម្រៅ នៃទស្សនវិស័យសេដ្ឋកិច្ច វប្បធម៌ឧស្សាហកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា៕