(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ បានចេញសាររំលែកទុក្ខ និងសម្តែងការសោកស្តាយ យ៉ាងខ្លាំងបំផុត ចំពោះការបាត់បង់អាយុជីវិតរបស់ ទាហានមួកខៀវកម្ពុជា៤រូប ក្រោយមានការវាយប្រហារលើក្បួនកម្លាំងរបស់ អង្គការសហប្រជាជាតិ នៅប្រទេសអាហ្រ្វិកកណ្តាល។

ក្រសួងមហាផ្ទៃ បានប្រកាសថា ការពលីជីវិតក្នុងកិត្តិយសនៃកុលបុត្រខ្មែរដ៏ឆ្នើមទាំង៤រូប ដើម្បីបុព្វហេតុការពារ ថែរិក្សាសន្តិសុខ សុវត្ថិភាព និងសន្តិភាព ជូនប្រជាជាតិសកលលោក គឺជាគំរូវីរភាពដែលមិនអាចកាត់ថ្លៃបាន សម្រាប់កងកម្លាំងប្រដាប់អាវុធ និងសម្រាប់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស។

សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ មានការវាយប្រហារ ដោយក្រុមឧទ្ទាមទៅលើក្បួនយុទ្ធ ដំណើររបស់កម្លាំង Minusca របស់អង្គការ សហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ, ៣នាក់ទៀតស្លាប់ នៅប្រមាណ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ និងម្នាក់រងរបួស។

ទាហានមួកខៀវកម្ពុជា ៤រូប ដែលពិលីជីវិតនោះរួមមាន៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យផងដែរ៕