(ភ្នំពេញ)៖ ស្ដែងចេញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមជាមួយមន្រ្តីរាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា បានឧបត្ថម្ភថវិកាទ្រទ្រង់ដល់សមាគមនិស្សិតកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៣៨,០០០ដុល្លារអាមេរិក នាអំឡុងពេលចូលរួមក្នុងកិច្ចប្រជុំកំពូល នៃវេទិកាខ្សែក្រវាត់ និងផ្លូវ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង។

លោក អ៊ុំ វុទ្ធទី ប្រធានសមាគមនិស្សិត និងសមាជិកទាំងអស់ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានឆ្លៀតពេលដ៏មមាញឹកពីកិច្ចប្រជុំ អញ្ជើញទៅសួរសុខទុក្ខពួកគេ និងបានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ថែមទាំងផង។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា ដែលអមដំណើរសម្ដេចតេជោ ក៏បានឧបត្ថម្ភថវិកាចំនួន ៨ពាន់ដុល្លារ ហើយសភាពាណិជ្ជកម្មក៏បានឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ផងដែរ សរុបទាំងអស់ ៣៨,០០០ដុល្លារ។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់ប្រាក់ឧបត្ថម្ភដល់និស្សិតចូលរួមក្នុងពិធី សម្រាប់ដោះស្រាយជីវភាពរស់នៅ និងការសិក្សាទៀតផង។

លោក អ៊ុំ វុទ្ធទី បានលើកឡើងថា សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បង្កើតឡើងក្នុងគោលបំណង ដូចជា៖
* ពង្រីក ពង្រឹងមិត្តភាព សាមគ្គីភាព ឯកភាព រវាងនិស្សិតកម្ពុជាទូទាំងប្រទេសចិន
* ចូលរួមលើកស្ទួយវប្បធម៌ អរិយធម៌ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន និងអន្តរជាតិ
* ចូលរួមចែករំលែកក្នុងការពង្រឹងសមត្ថភាពនិស្សិត ក្នុងទិសដៅអភិវឌ្ឍ។

លោកប្រធានបន្តថា សមាគមនឹងប្រើប្រាស់ថវិកាដែលបានឧបត្ថម្ភឲ្យបានត្រឹមត្រូវ ចំទិសដៅក្នុងគោលបំណងបម្រើផលប្រយោជន៍រួម របស់និស្សិតកម្ពុជា ដែលសិក្សានៅប្រទេសចិនទាំងអស់។

ទន្ទឹមនេះ និស្សិតកម្ពុជាទាំងអស់នៅប្រទេសចិន បានប្ដេជ្ញាចិត្តនឹងបន្តខិតខំរៀនសូត្រឲ្យទទួលបានជោគជ័យ ដើម្បីយកចំណេះដឹងបទពិសោធន៍ទៅបម្រើជាតិ មាតុភូមិកម្ពុជា និងពង្រឹងសាមគ្គីគ្នាជាធ្លុងមួយ ជួយគ្នាទៅវិញទៅមក ជាមួយបណ្ដានិស្សិតអន្តរជាតិផ្សេងៗ ពិសេសនិស្សិត និងពលរដ្ឋចិន ដែលជាមហាមិត្តរបស់កម្ពុជា។

ពួកគេបានបញ្ជាក់ថា នៅតែបន្តគាំទ្រចំពោះគោលនយោបាយដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនៅតែគាំទ្រសម្ដេចយ៉ាងពេញទំហឹង ក្នុងការបន្តធ្វើជានាយករដ្ឋមន្រ្តី ដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន៕