(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ លើកឡើងថា សារនយោបាយរបស់មេដឹកនាំគណបក្សប្រឆាំង និងសកម្មជននាថ្មីៗនេះ គឺជាសម្តីបញ្ឆេះសង្រ្គាម ហើយសម្តេចបានព្រមានធ្ងន់ៗបំផុតចំពោះជនទាំងឡាយដែលចង់ផ្តួលរំលំរដ្ឋាភិបាល ហើយសុខចិត្តកំចាត់ ចោលជនបង្កអសន្តិសុខ១០០-២០០នាក់ ដើម្បីធានាជីវិតប្រជាពលរដ្ឋខ្មែររាប់លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សូមកុំបន្ទោស ទៀ បាញ់ កុំបន្ទោស ប៉ុល សារឿន ពីការធ្វើសេចក្ដីថ្លែងការណ៍ក្នុងការប្រឆាំង បដិវត្តន៍ពណ៌ ទង្វើណាក៏ដោយដែលនាំទៅដល់ការផ្ដួល រលំគឺជាទង្វើដែលត្រូវតែ បង្ក្រាបដាច់ខាតតែម្ដង គ្មានការអត់ឱនទេ ដើម្បីធានាជីវិតមនុស្សរាប់លាននាក់ យើងសុខចិត្តកំចាត់ចោល១០០-២០០នាក់ ព្រោះយើងធ្លាប់បានឃើញនៅអតីតកាលដ៏ឈឺចាប់របស់យើងរួចស្រេចទៅហើយ»។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសាសនាគ្រីស្ទ និងគ្រីស្ទបរិស័ទនៅក្នុង ប្រទេសកម្ពុជាជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សម្តីរបស់អ្នកគឺជាសម្តីបញ្ឆេះសង្រ្គាមហើយ អ្នកតែនិយាយថា ខ្ញុំអត់មានអាវុធ ប៉ុន្តែសម្តីរបស់អ្នកធ្ងន់ ជាងអាវុធ សុំចាំទុក បើសិនជាយើងចេះគោរពគ្នាបានទេ ឯកឧត្តម កឹម សុខា ឯកឧត្តមសូមចាំឱ្យច្បាស់ ហើយអប់រំកូនចៅឱ្យច្បាស់»។ សម្តេចបានបន្ថែមទៀតថា «មិននឹកស្មានថា មេបក្សប្រឆាំងមិនទាន់បានអីផង ហ៊ានប្រកាសរំលាយក្រសួងអភិវឌ្ឍជនបទ ខ្ញុំកោតថា ធ្វើទៅរួច បើតែយ៉ាងហ្នឹងរំលាយហើយនគរខ្មែរនោះ ហើយសង្រ្គាមក៏វាផ្ទុះឆាប់ដែរ»។
សម្តេចបានបន្ថែមទៀតថា «ថ្ងៃនេះខ្ញុំនិយាយក្នុងនាមជានាយករដ្ឋមន្រ្តី អប់រំឱ្យស្ងៀមស្ងាត់ ហើយឃោសនាតែពីទំនិញខ្លួនឯងបានហើយ កុំបង្អាប់គេ កុំយកសមិទ្ធផលគេទៅប្រើ គណបក្សប្រជាជនជាគណបក្សមានការអត់ធ្មត់ណាស់ ដើម្បីសេចក្តីសុខ ដោយសារខ្លួនជាគណបក្សកាន់អំណាច ប៉ុន្តែបើ ហ៊ុន សែន មិនអត់ធ្មត់ គឺមិនបានប៉ុន្មានម៉ោងទេអស់លោក តែយើងស៊ីសងគ្នាតាមសន្លឹកឆ្នោតល្អជាង»។
ក្រៅពីការព្រមានចំពោះសម្តីមេដឹកនាំគណបក្សប្រឆាំង សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មទៅនឹង សកម្មជនគណបក្សសង្រ្គោះជាតិ ក្នុងពេលធ្វើយុទ្ធនាការឃោសនាកន្លងទៅ ដែលបានចោទថា អ្នកគាំទ្រ និងចូលរួមហែក្បួនឃោសនាបោះឆ្នោតរបស់ គណបក្សប្រជាជនកម្ពុជាសុទ្ធតែជាវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្រ្គាមវាផុយស្រួយណាស់ ដរាបណាបក្សប្រឆាំង នៅតែធ្វើនយោបាយលាបពណ៌បែបនេះ។
ការប្រតិកម្មរបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពី សកម្មជនគណបក្សសង្រ្គោះជាតិ កញ្ញា «Pey Pey Ly» បានចេញវិដេអូមួយបង្ហោះលើទំព័រ Facebook របស់ខ្លួន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ចំនឹងថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោត ដោយរិះគន់សម្តៅលើគណបក្សប្រជាជនកម្ពុជាថា «គណបក្សមួយនោះហួសចិត្តអត់មានខ្មែរទៅហែ លេងជួលយួនមកហែហួសចិត្ត។ ខ្មែរគេដឹងអស់ហើយ សារុង ប៊ីចេង ក្រមាអី គេលែងយកហើយ...»។
សម្តេចតេជោ ហ៊ុន សែន បានស្នើដល់បរទេសទាំងឡាយ កុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ៕