(កំពត)៖ លោក វ៉ាន សំអឿន ជាអតីតតំណាងរាស្ត្រមណ្ឌលកំពត នៃគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានប្រាប់ប្រជាពលរដ្ឋនៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពតថា គណបក្សសង្គ្រោះជាតិបានតែ សន្យាប៉ុណ្ណោះ មិនដែលបានធ្វើតាមការសន្យាឡើយ ហើយសូមពលរដ្ឋកុំបាច់បោកឲ្យសោះ។
ការអំពាវនាវរបស់លោក វ៉ាន សំអឿន ធ្វើឡើងដែលពេល លោកដឹកនាំក្រុមការងារគណបក្ស ចុះសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាង១០០គ្រួសារ ក្នុងថ្ងៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត នៅឃុំដងទង់ ស្រុកដងទង ខេត្តកំពត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ដែលអមដំណើរដោយ លោក សល់ មករា ទីប្រឹក្សារាជរដ្ឋាភិបាល លោក ម៉ាង ឆៃណាំ ទីប្រឹក្សា រាជរដ្ឋាភិបាល និងអាជ្ញាធរភូមិ ឃុំ ស្រុកផងដែរ។
លោកបានបញ្ជាក់ថា «គណបក្សសង្រ្គោះជាតិពូកែខាងដើរញុះញង់ បំបែកបំបាក់ លាបពណ៌ ប្រើនយោបាយបោកប្រាស់ និងសន្យាខ្យល់ ហើយបក្សប្រឆាំងប្រមូលថវិកា ពីប្រជាពលរដ្ឋបានប្រហែលជាជាង៦០០,០០០ដុល្លារ ដើម្បីបង្កើតទូរទស្សន៍ព្រះអាទិត្យ ប៉ុន្តែរហូតមក ដល់ឥឡូវ តើប៉ុស្តិ៍ទូរទស្សន៍ព្រះអាទិត្យនៅឯណា? សន្យាខ្យល់ សន្យាផ្តល់ប្រាក់៤០,០០០រៀល ជូនចាស់ៗ តើឥឡូវបានប្រាក់ជូនចាស់ៗ ឬនៅ។ ឥឡូវសន្យាថាផ្តល់ប្រាក់អភិវឌ្ឍឃុំក្នុងមួយឃុំ ៥០០,០០០ដុល្លាទៀតហើយ សូមបងប្អូនយកទៅពិចារណាចុះ បក្សប្រឆាំងបានតែ សន្យាទេ ប៉ុន្តែពុំដែលបានធ្វើតាមការសន្យាឡើយ។ សូមបងប្អូនកុំជឿតាមការសន្យាបោកប្រាស់ គ្មានគោលការណ៍ច្បាស់លាស់ របស់បក្សប្រឆាំងឲ្យសោះ»។
លោក វ៉ាន សំអឿន បានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន តែមួយគត់ដែលបាន នាំយកសន្តិភាព សេរីភាព សុភមង្គល ការអភិវឌ្ឍ និងជួយសម្រួលដោះស្រាយ រាល់ការលំបាករបស់ប្រជាជនខ្មែរគ្រប់កាលៈទេសៈ។ ដូចពីអតីតកាលក្នុងរបប លន់ ណុល និងប៉ុល ពត ប្រទេសកម្ពុជាបានធ្លាក់ក្នុងភ្លើងសង្រ្គាម។ ពេលនោះប្រជាជនកម្ពុជាត្រូវរងទុក្ខវេទនា បំផុត ដោយខ្លះពិការស្លាប់ ខូចខាតទ្រព្យសម្បត្តិ រត់ចោលស្រុក បែកពីគ្រួសារ គ្មានហូបគ្រប់គ្រាន់ គ្មានសេដ្ឋកិច្ច គ្មានសិទ្ធិសេរីភាព សុភមង្គលឡើយ។
ទីប្រឹក្សានាយករដ្ឋមន្ដ្រីរូបនេះ បានបន្ថែមថា សម្តេចតេជោ បានខិតខំប្រឹងអស់កម្លាំងកាយចិត្ត ដើម្បីដឹកនាំ អភិវឌ្ឍប្រទេសជាតិ ចាប់តាំងពីបាតដៃទទេ រហូតមានការរីកចម្រើនមានអ្វីៗដូចសព្វថ្ងៃ ដូច្នេះសូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀតដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍៕