(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានបញ្ជូនខ្លួនជនជាតិថៃ២នាក់ និងខ្មែរម្នាក់ ទៅតុលាការនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធជួញដូរថ្នាំញៀន បន្ទាប់ពីកម្លាំងជំនាញនគរបាលស្រុកកំរៀង បានឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៩ ភូមិដូងបឹងរាំង ស្រុកកំរៀង។

លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ទី១ឈ្មោះ ធៀម ថងវិស្ណុ អាយុ៣២ឆ្នាំ ជាជាតិថៃ រស់នៅភូមិបានឡែម ឃុំណងតាឃុង ស្រុកប៉ូងណាមរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ទី២ឈ្មោះ សៈវ៉ាន់ ខុងថង ហៅយូ អាយុ២៦ឆ្នាំ ជនជាតិថៃ រស់នៅប្រទេសថៃ និងទី៣ឈ្មោះ ការីម ចិន្តា អាយុ៣១ឆ្នាំ ជាបក្ខពួកជួញដូរថ្នាំញៀនរស់នៅ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់៕