(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ក្រសួងមហាផ្ទៃ និងគ.ជ.ប បានរកឃើញថា មានប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់ខ្លួន ធ្វើជាវត្ថុបញ្ចាំ ឬវត្ថុធានា ដើម្បីទទួលបានប្រាក់កម្ចី។     

លោក ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ដែលមានបញ្ហាពាក់ព័ន្ធ អត់អត្តសញ្ញាណប័ណ្ណនោះ ត្រូវបានដោះស្រាយរួចប្រមាណ៥០%ហើយ ដោយពួកគាត់បានធ្វើ ឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដើម្បីមានសិទ្ធិបោះឆ្នោតបាន ខណៈប្រមាណ៥០% ស្មើនឹង២០ម៉ឺននាក់ទៀត កំពុងបន្តដោះស្រាយ។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ប្រធាន គ.ជ.ប លោក ស៊ិក​ ប៊ុនហុក បានចេញសេចក្តីអំពាវនាវ ដល់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ត្រូវឈប់ទទួលយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋ និងត្រូវប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋវិញ ដើម្បីយកទៅប្រើប្រាស់នៅថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។

ជាមួយគ្នានេះដែរ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបានធ្វើការព្រមាន នឹងដកហូតអាជ្ញាប័ណ្ណ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានណា ដែលមិនគោរពតាមការណែនាំ ចំពោះការហាមឃាត់ទទួល យកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន៕