(ពោធិ៍សាត់)៖ នាយឧត្តសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងគ្រាន់ មិនទាន់ផ្ទុះ បានឲ្យដឹងថា នៅចុងឆ្នាំ២០១៧ ខាងមុខនេះ ព្រះសង្ឃរួមជាមួយប្រជាពលរដ្ឋឃុំកញ្ជរ នឹងទទួលបានស្ពានបេតុងមួយកន្លែង ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ស្ថិតនៅក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជំនួសដោយ​ស្ពានឈើចាស់ដែលមាន សភាពទ្រុឌទ្រោមខ្លាំង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី មានថ្លែងបែបនេះ ក្នុងឱកាសលោក និងលោកស្រី អញ្ជើញជួបសំណេះសំណាលនិងប្រគល់ ស្ពានបាឡេ មានប្រវែង៥៤ គុណ៤ម៉ែត្រ ជូនប្រជាពលរដ្ឋ ក្នុងឃុំកញ្ជរបានប្រើប្រាស់បណ្តោះអាសន្ន ក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផលមកកាន់ទីផ្សារ ដោយបានការចូលរួមពី លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោក ម៉ក់ រ៉ា ទីប្រឹក្សាក្រសួង មហាផ្ទៃ ប្រតិភូអមដំណើរ អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ។

បន្ទាប់ពីអាជ្ញាធរស្រុក និងក្រុមការងារ បានរាយការណ៍ពីស្ថានភាពភូមិសាស្ត្រ និងការសាងសង់ស្ពានបាឡេបណ្តោះអាសន្ននោះរួចមក លោកម៉ៅ ធនិន និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា «យើងរស់នៅដោយសុខសាន្ត និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់ពេលនេះ ដោយសារតែយើងជ្រើសរើសថ្នាក់ដឹកនាំត្រូវគឺសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា»

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឲ្យដឹងថា សព្វថ្ងៃយើងរស់នៅមានភាពសុខសាន្ត មានសិទ្ធិសេរីភាព មានជីវភាព គ្រប់គ្រាន់ ពីខ្ទម មកផ្ទះធំ, ពីទូរទស្សន៍សខ្មៅ មកគូល័រ, ពីគ្មានផ្លូវ គ្មានស្ពាន គ្មានភ្លើង ឥឡូវមានគ្រប់គ្រាន់ និងប្រែក្លាយជនបទដូចជាទីក្រុង ដោយសារយើងមេដឹកនាំល្អ តាំងពីថ្នាក់លើរហូតមកដល់ថ្នាក់មូលដា្ឋន និងនាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍។

ថ្នាក់ដឹកនាំទាំង២ ក៏បានទទួលស្គាល់ផងដែរថា មន្ត្រីថ្នាក់មូលដ្ឋានតែងតែមានចំណុចខ្វះខាត ត្រង់នេះសូមឲ្យបងប្អូនពិនិត្យពិចារណា បើរឿងបុគ្គលយើងដោះស្រាយបាន រឿងដែលធំនោះ គឺអនាគតប្រទេសជាតិ កុំចេះតែដោះដូរឬបែកឆ្វេង បែកស្តាំទៅតាមការអូស ទាញជនអគតិមួយចំនួនឲ្យសោះ ប្រយ័ត្នធ្លាក់ជ្រោះសារជាថ្មី ដូចកាលពី៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ពាក់ព័ន្ធទៅនឹងការសាងសង់ស្ពានបេតុង នាចុងឆ្នាំ២០១៧ខាងមុខនេះ ដោយមានសំណូមពរពីលោកមេឃុំកញ្ជរតាមរយៈរូប លោកផ្ទាល់នោះ រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមទៅតាមការស្នើសុំ តែដោយសាររដូវនេះ ជារដូវវស្សាក្រុមការងារគ្រោងចាប់អនុវត្ត នៅរដូវប្រាំង នៅពេលទឹកស្រក។

ចំពោះស្ពានបាឡេ គឺគ្រាន់តែដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន ដូចនេះទាំងព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋឃុំកញ្ជរ មានស្ពានថ្មថ្មី ផ្លូវលំក្រាលគ្រួសក្រហម និងលូកាត់ផ្លូវជាច្រើនខ្សែ ងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ទៅកាន់ទីវត្តអារាម សាលារៀនមណ្ឌល សុខភាព និងដឹកជញ្ជួនកសិផលទៅកាន់ទីផ្សារបានឆាប់ ចំណេញពេលវេលា និងថវិកាដូច​សុភាសិតពោលថា «មានផ្លូវ គឺមានអ្វីៗទាំងអស់»

បន្ទាប់មកថ្នាក់ដឹកនាំទាំង២ និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យស្ពានដែកបាឡេ ប្រវែង៥៤ គុណ៤ម៉ែត្រ និងបាននិមន្ត ព្រះសង្ឃប្រោះព្រំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ឲ្យមានសិរីសួស្តីគ្រប់គ្នា៕