(កំពង់ស្ពឺ)​៖ លំនៅដ្ឋាន២ខ្នងថ្មក្រោមឈើលើ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងគ្មានសល់ ដោយបំផ្លិចបំផ្លាញទ្រព្យ​សម្បត្តិមិនតិចម៉ឺនដុល្លារនោះទេ ដោយសារតែឆ្លងចរន្ដអគ្គិសនី។ ហេតុការណ៍នេះកើតឡើងនៅព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧នេះ ស្ថិតក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពងស្ពឺ​។

លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា​ ករណីអគ្គិភ័យដែល​​​បានឆាបឆេះ លំនៅដ្ឋានប្រជាពលរដ្ឋអស់២ខ្នង​នោះ ​សមត្ថកិច្ចជំនាញ​មិនអាចជួយទាន់នោះទេ ដោយសារតែផ្លូវចូលទៅកាន់ទីនោះពិបាករថយន្តពន្លត់អគ្គិភ័យចូលទៅដល់​។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ផ្ទះជនរងគ្រោះទី១៖​ឈ្មោះ ងិន ធី ​អាយុ​៥៦ឆ្នាំ​ និងប្រពន្ធ​ឈ្មោះ​ នួន សុខុម អាយុ​៥៥ឆ្មាំ​ ដែលផ្ទះ​ខ្នងថ្មក្រោមឈើលើ ទំហំ ៩ម៉ែតគុណ១០ម៉ែត រងការខូចខាតផ្ទះទាំងស្រុង និង​រថយន្ត២គ្រឿង, ទី២៖ម្ចាស់ផ្ទះឈ្មោះ ដួង ឡាយ ភេទ​ប្រុស អាយុ​៥០ឆ្នាំ​ ​ដែលមានផ្ទះទំហំ ៨ម៉ែតគុណ​៨ម៉ែត ឆេះខ្ទេចទាំងស្រុង និងបំផ្លាញទ្រព្យសម្បត្តិជាច្រើនផងដែរ។ ​ចំពោះមូលហេតុ ដែលបង្កឲ្យមានអគ្គីភ័យឆាបឆេះលំនៅដ្ឋានទាំង២ដោយសារឆ្លង​ចរន្តអគ្គិសនី​។

យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ ​កម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ស្ពឺ បានចេញ​ប្រតិបត្តិការចេញ​ជួយបាញ់ពន្លត់ចំនួន ៤គ្រឿងភ្លាមៗ ប៉ុន្តែដោយសារផ្លូវពិ​បាកចូលទៅទើបមានការយឺតយ៉ាវបន្តិច​។

បច្ចុប្បន្ន​ អាជ្ញាធរមូលដ្ឋានបានចុះសាកសួរសុខទុក្ខ និងចូលសោកស្តាយបំផុត ចំពោះហេតុការណ៍គ្រោះអគ្គីភ័យនេះ ព្រមទាំងនាំយកនូវ​សម្ភារៈមួយចំនួន ដើម្បីដោះស្រាយការលំបាកបណ្តោះអាសន្នផងដែរ៕