(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បានជំរុញឲ្យរដ្ឋបាលព្រៃឈើ សហការជាមួយមន្ទីរសាធារណការខេត្ត រួមគ្នាដាំដើមឈើប្រភេទឈើចន្ទគីរី (ដើមអំពិលទឹកបារាំង)ឡើងវិញនៅតាមដងផ្លូវជាតិលេខ៤ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងបង្កើនសោភ័ណ្ឌភាពកាន់តែល្អប្រសើរ។

ការជំរុញបែបនេះបានធ្វើឡើងស្របពេលដែល លោកអភិបាលខេត្តអញ្ជើញចូលរួមក្នុង ពិធីប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក៥មិថុនា ដែលរៀបចំដោយមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ នៅមុខសួនច្បារសម្តេចសង្ស ជួន ណាត ដោយមានការចូលរួមពី មន្ត្រីរាជការ តាមមន្ទីរនានា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង១ពាន់អង្គ-នាក់ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ។

បន្ទាប់ពីការថ្លែងរបាយការណ៍របស់លោក ឈឺន សុធន ប្រធានមន្ទីរបរិស្ថានខេត្តរួច លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា «យើងទាំងអស់គ្នាត្រូវស្រឡាញ់បរិស្ថាន យើងរួមគ្នាដាំដើមឈើឡើងវិញ ឲ្យបានគ្រប់ៗគ្នា អង្គភាព រដ្ឋបាលព្រៃឈើ ត្រូវសហការជាមួយមន្ទីរសាធារណការ ខេត្តដាំឈើឡើងវិញ តាមដងផ្លូវជាតិលេខ៤ ហើយការដាំ
គឺសំដៅលើប្រភេទឈើចន្ទគីរី (ដើមអំពិលទឹកបារាំង) ឲ្យបានគ្រប់គោលដៅតាមផ្លូវ»

លោកអភិបាលខេត្ត ក៏បានណែនាំ ឲ្យពលរដ្ឋនាំគ្នាចេះថែរក្សាបរិស្ថាន ដោយលោកបានលើកឡើងថា សំរាមដែលជាប្រភេទផ្លាស់ស្ទិច មិនត្រូវបោះចោលពាសវាលពាសកាលទេ ដោយសារតែវាមិនងាយរលាយក្នុងធម្មជាតិ ហើយមិនត្រូវបោះសំរាមផ្សេងៗ នៅតាមទីសាធារណៈនោះទេ។

លោកបានបន្ថែមទៀតថា ជាពិសេសត្រូវត្រួតពិនិត្យការបង្ហូរទឹកមិនស្អាត នៅតាមទីសត្វឃាត ឫកន្លែងពិឃាតសត្វ ចូលប្រឡាយ ចូលស្ទឹង ដែលពលរដ្ឋកំពង់ប្រើប្រាស់ប្រចាំថ្ងៃពីព្រោះវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពួកគាត់។

សូមបញ្ជាក់ថា ការប្រារព្ធទិវាបរិស្ថាននេះ បានរៀបចំជារៀងរាល់ឆ្នាំ គឺដើម្បីជាការដាស់តឿនដល់ពលរដ្ឋ ឲ្យភ្ញាក់រលឹកចូលរួមថែរក្សាអនាម័យនៅតាមកន្លែងទីប្រជុំជន ទីសាធារណៈ រោងចក្រ សហគ្រាស តាមអាជីវកម្ម ផ្សារ កន្លែងកំសាន្ត ដើម្បីឲ្យមានសោភ័ណ្ឌភាព និងមានអនាម័យទាំងអស់គ្នា៕