(ព្រះសីហនុ)៖ លោក ចេវ ហាក់ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន ឲ្យមានការបើកវគ្គបណ្ដុះបណ្ដាលជំនាញបើកបរ និងច្បាប់ចរាចរណ៍ ដល់អ្នកបើករថយន្តរបស់ខ្លួនឲ្យបានកាន់តែច្រើនកាន់តែល្អ។

ការអំពាវនាវបែបនេះរបស់លោក ចេវ ហាក់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងគ្រាដែលលោកចុះបង្រៀនច្បាប់ចរាចរណ៍ ដល់អ្នកបើកបរ
អាជីពរបស់ក្រុមហ៊ុនប្រេងឥន្ទៈតេឡាកម្ពុជា ដែលមានសិក្ខាកាមចំនួន១៥០នាក់ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២​​ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក ចេវ ហាក់ បានបញ្ជាក់ថា ការធ្វើបែបនេះ គីដើម្បីជាការ បង្ការ ដាសស្មារតី កាត់បន្ថយគ្រោះថ្នាក់ និងការខាតបង់គ្រប់យ៉ាងរបស់ក្រុមហ៊ុនផងដែរ។ ពិសេស រក្សាកេរ្ដិ៍ឈ្មោះបានល្អរបស់ក្រុមហ៊ុនខ្លួន ដែលមិនមានឈ្មោះជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។

លោកបានឲ្យដឹងថា ការបង្រៀននេះទាំងនៅភ្នំពេញ និងព្រះសីហនុ ដោយផ្តោតលើសំខាន់ៗរួមមាន ទី១៖ ឥរិយាបថរបស់អ្នកបើកបរ ទី២៖ ការបើកបរក្នុងស្ថានភាពស្រវឹង និងលើសល្បឿន ទី៣៖ ការជៀស និង ការជែង ទី៤៖ សិទ្ធអាទិភាព ទី៥៖ សញ្ញាចរាចរណ៍៕