(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យចំពោះអណ្ដូងលូ គម្របលូ ក្នុងការបញ្ជៀសការកកស្ទះពេលមានភ្លៀងធ្លាក់ម្ដងៗ ពិសេសធ្វើការជួសជុលឡើងវិញ លើកំណាត់ផ្លូវបេតុងមួយចំនួន ដែលមាន «សំបុកមាន់» ដើម្បីបង្ការមិនឲ្យខូចខាតធ្ងន់ធ្ងរច្រើនជាងនេះ រួមទាំងអាចបញ្ជៀសបានរាល់គ្រោះថ្នាក់ ចរាចរផ្សេងៗ ដែលអាចកើតមានឡើងជាយថា ហេតុផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានភាពងាយស្រួលធ្វើដំណើរ។

ការចុះត្រួតពិនិត្យអណ្ដូងលូ គម្របលូ និងធ្វើការជួសជុលលើកំណាត់ផ្លូវមួយចំនួន ដែលមាន «សំបុកមាន់» នេះត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រសង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដោយមានការរួមដំណើរពីមន្ត្រីពាក់ព័ន្ធមួយចំនួន រួមជាមួយភាគីខាងក្រុមហ៊ុនធ្វើផ្លូវផងដែរ។

បើតាមមន្ត្រីសាលាខណ្ឌឫស្សីកែវ បានឲ្យដឹងផងដែរថា ការចុះធ្វើការពិនិត្យសិក្សាស្ថានភាពលើកំណាត់ផ្លូវបេតុងនានា ដែលមានការខូចខាតចោះៗ តាមកន្លែងមួយចំនួននេះ គឺដើម្បីធ្វើការលើកគម្រោងជួសជុលឡើងវិញឱ្យបានទាន់ពេលវេលា ដោយអនុវត្តតាមផែនការណែនាំរបស់សាលារាជធានីភ្នំពេញ ដែលតម្រូវឱ្យសាលាខណ្ឌនីមួយៗ ធ្វើការជួសជុលផ្លូវ «សំបុកមាន់» នៅក្នុងមូលដ្ឋាន លើគម្រោងថវិការបស់សាលាខណ្ឌផ្ទាល់ជាអ្នករ៉ាប់រង៕