(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ «កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨»។ កិច្ចប្រជុំធ្វើឡើង ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងពង្រឹង និងបង្កើនការយល់ដឹងបន្ថែមទៀត ដល់ក្រុមការងារថវិកា មកពីបណ្តាអង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួង ក្នុងការត្រៀមលក្ខណៈសម្រាប់ការរៀបចំគម្រោងចំណូល-ចំណាយថវិការបស់អង្គភាពថវិកា សម្រាប់ឆ្នាំ២០១៨ ឱ្យកាន់តែសុក្រឹត, មានគុណភាព និងទាន់ពេលវេលា ព្រមទាំងជំរុញឱ្យអង្គភាពថវិកា អាចត្រៀមខ្លួនបានមួយកម្រិតទៀត សម្រាប់ការងារត្រួតពិនិត្យការអនុវត្តថវិកាកម្មវិធីពាក់កណ្តាលឆ្នាំ២០១៧ នាខែកក្កដា ខាងមុខផងដែរ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖

ទី១៖ បទបង្ហាញអំពីសារាចរណែនាំលេខ ០៤ សរណន ចុះថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨

ទី២៖ បទបង្ហាញអំពីផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០១៨-២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,

ទី៣៖ ការបង្ហាញអំពីការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៧ (តួលេខបឋម) របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង

ទី៤៖ ការណែនាំអំពីការរៀបចំគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០១៨ ជូនអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានក្នុងការជជែកពិភាក្សា និងកែលម្អបន្ថែមក្នុងវិបស្សនារៀបចំការងារនេះ នៅថ្ងៃទី៣-៥ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងក្នុងកិច្ចប្រជុំនេះ បណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញរួចរាល់នូវ: (១)៖ ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង គោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨, (២)៖ សារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១៨-២០២០ ដែលនឹងក្លាយជាឧបករណ៍គន្លឹះសម្រាប់ទ្រទ្រង់ការត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃសមិទ្ធកម្មការងាររបស់អង្គភាពថវិកា នៃក្រសួង ស្ថាប័ន និង (៣)៖ សារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ដើម្បីផ្តល់គោលការណ៍ណែនាំថ្មីៗ សម្រាប់ជាមូលដ្ឋាន និងជាក្របខណ្ឌនៃការរៀបចំកញ្ចប់ថវិកាឆ្នាំ២០១៨ របស់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ដែលជារដ្ឋបាលថ្នាក់ជាតិ ក្នុងគោលដៅគាំទ្រដល់ការអនុវត្តគោលបំណងគោលនយោបាយរបស់ក្រសួង ស្ថាប័ន អាចប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព។

បន្ថែមលើនេះ លោកបណ្ឌិតរដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងថា ខ្លឹមសារនៃសារាចរណែនាំលេខ ០៤ នេះ ពិតជាមានសារៈសំខាន់ ដោយបានដាក់ចេញនូវក្របខ័ណ្ឌ និងវិធានការប្រមូលចំណូល, ការកំណត់ អាទិភាពចំណាយតាមវិស័យ និងគោលការណ៍សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការវិភាជថវិកា ដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃថវិកាជាតិ, អាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តថវិកា របស់ក្រសួង ស្ថាប័ន នាឆ្នាំកន្លងមក ។

ក្នុងន័យនេះ ដើម្បីគាំទ្រគោលបំណងគោលនយោបាយរបស់ក្រសួង អាចអនុវត្តសម្រេចបានជោគជ័យ ទៅតាមផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន, ថ្នាក់ដឹកនាំអង្គភាពថវិកា និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេស ក្រុមការងារថវិកា នៃអង្គភាពថវិកានីមួយៗ ចាំបាច់ត្រូវខិតខំបំពេញការងារ ប្រកបដោយឆន្ទៈម្ចាស់ការ និងទទួលខុសត្រូវខ្ពស់, ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវក្របខ័ណ្ឌគតិយុត្ត, បណ្តាវិធាន, នីតិវិធី ព្រមទាំងគោលការណ៍បច្ចេកទេសនានា ទាំងផ្នែកចំណូល និងផ្នែកចំណាយ សំដៅធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យនូវគោលបំណងគោលនយោបាយ និងកម្មវិធី/យុទ្ធសាស្ត្រអាទិភាពរបស់ខ្លួន ដើម្បីរួមចំណែកសម្រេចឱ្យបានគោលនយោបាយរួមរបស់រាជរដ្ឋាភិបាលគឺ៖

១៖ រក្សាកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលវែង ប្រកបដោយចីរភាព, សមធម៌ បរិយាប័ន្ន និងធននឹងវិបត្តិ,

២៖ កាត់បន្ថយភាពក្រីក្រ ឱ្យបានលើសពី ១% ក្នុងមួយឆ្នាំៗ,

៣៖ បន្តរក្សាឱ្យបាននូវស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះនិងចាំបាច់បំផុត សម្រាប់ការឈាននិងសម្រេចបាននូវគោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាល គឺ ភាពសុខដុមរមនាសង្គម និង សុខុមាលភាពប្រជាជន។

ទន្ទឹមនេះសារាចរលេខ ០៤ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមសម្រេចឱ្យបាននូវការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ (២០១៥-២០២០) ដែលជា “ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ដោយមានគោលដៅចម្បង ជាការកែទម្រង់ប្រព័ន្ធថវិកាទាំងមូល ពីប្រព័ន្ធផ្តោតលើធាតុចូល មជ្ឈការ ទៅជាប្រព័ន្ធផ្តោតលទ្ធផល និង វិមជ្ឈការ តាមរយៈការពង្រឹងនិងពង្រីកការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា, ការអនុវត្តថវិកាកម្មវិធី និងការអនុវត្តអង្គភាពថវិកា ព្រមទាំងការពង្រឹងការរៀបចំគោលនយោបាយ, ការព្យាករណ៍ និងការរៀបចំផែនការហិរញ្ញវត្ថុ ជាដើម ។ ហេតុនេះ គ្រប់ក្រសួង ស្ថាប័ន ត្រូវបន្តជំរុញការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុង វិស័យហិរញ្ញវត្ថុសាធារណៈ ដែលមិនត្រឹមតែអាចបង្កើនសក្តានុពលនៃតួនាទីថវិកា ក្នុងនាមជាឧបករណ៍សម្រាប់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងអាចក្លាយជាជន្ទល់ដ៏រឹងមាំ សម្រាប់ទ្រទ្រង់ដល់ការដ្ឋាន កម្មវិធីកែទម្រង់ដទៃទៀត ដោយរួមទាំងបង្កើនភាពស័ក្តិសិទ្ធ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។

លោករដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានលើកទឹកចិត្ត ក៏ដូចជាសំណូមពរដល់សមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មជាមួយនឹងស្មារតីយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅនូវវិធាន, នីតិវិធី និងបច្ចេកទេសនានា នៃការរៀបចំ, ការអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃការអនុវត្តថវិកាកម្មវិធី ប្រកបដោយភាពរលូន និងទទួលបានលទ្ធផលល្អប្រសើរ។
លោកបណ្ឌិត ហ៊ាន សាហ៊ីប បានថ្លែងដោយជឿជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ នឹងផ្ដល់ធាតុចូលបន្ថែមយ៉ាងសំខាន់ក្នុងការពង្រឹង និងបង្កើនសមត្ថភាពក្រុមការងារថវិកានៃគ្រប់អង្គភាពថវិកាទាំងអស់ ក្នុងការចូលរួមចំណែកអនុវត្តថវិកាកម្មវិធីផ្ទៃក្នុងក្រសួង ឱ្យសម្រេចលទ្ធផលផ្លែផ្កា៕