(បន្ទាយមានជ័យ)៖ ក្លឹបយុវជនក្រុងប៉ោយប៉ែត ដែលហៅកាត់ជាភាសាអង់គ្លេសថា Yspc បានរៀបចំសន្និសីទកាសែត ក្រោមប្រធានបទស្ដីពី «ការប្រកួតកីឡារវាយសី ដើម្បីសប្បុរសធម៌ឆ្នាំ២០១៧» ក្រោមការសហការចូលរូមដោយក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ីនធើណែត Mega និងខ្លឹបលេងកីឡា Firs Fitness កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងខ្លឹបកីឡា Firs Fitness ផ្ទាល់ក្នុងបូរីសាន ហូរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៧ម្សិលមិញ។

កញ្ញាហុក ជីហ័រ តំណាងខ្លឹបយុវជនក្រុងប៉ោយប៉ែត Yspc បានថ្លែងឲ្យដឹងថា នៅក្នុងសន្និសីទកាសែតនាឱកាសនោះ ស្ដីពីគោលបំណង សំខាននៃការរៀបចំកម្មវិធីប្រកួត កីឡាវាយសី ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ខាងមុខថា ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីប្រមូលមូនិធិសប្បុរសធម៌ពីក្រុមហ៊ុន និងសប្បុរសជននានា មកជួយដល់សង្គមជាតិ ដែលបានជួយឧបត្ថម្ភដល់កុមារ ឬសិស្សានុសិស្ស ជួបការខ្វះខាតក្នុងការសិក្សា។

ដោយមានការចូលរួមចំណែកកសាងអាគាសិក្សា និងសម្ភារសិក្សាជាដើម​ចំពោះចំណុចសំខាន់មួយទៀត គឺដើម្បីបំផុសចលនា ឲ្យយុវជនចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងមានទំនាក់ទំនងល្អក្នុងសង្គម ចូលរួមលើកស្ទួយវិស័យកីឡានៅក្នុងខេត្ត ឲ្យកាត់តែមានការរីកចម្រើន ដើម្បីឈានទៅរកការប្រកួតប្រជែង ផ្នែកកីឡានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

កញ្ញា ហុក ជីហ័រ បានបន្ថែមថា ការជ្រើសយកវិញ្ញាសារប្រកួតវាយសី នៅក្នុងឆ្នាំ២០១៧នេះ ក៏ព្រោះតែយើងមើលឃើញថានាពេលបច្ចុប្បន្នកីឡា ប្រភេទនេះមានការនិយមលេងច្រើន មិនទាមទាការហ្វឹកហាត់ច្រើនឡើយហើយអាចលេងបានជាទូទៅ។

លោក សៀក សោងស៊ីង អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីធើណែត Mega ដែលជាក្រុមហ៊ុនសហការឧបត្ថម្ភធំ នៅក្នុងកម្មវិធីយល់ឃើញថា លោកមានការសប្បាយរីករាយ នៅពេលដែលឃើញយុវវ័យងាកមកចាប់អារម្មណ៍លេងកីឡា លោកសង្ឃឹមថា នៅពេលខាងមុខវិស័យកីឡា នៅប្រទេសកម្ពុជា និងមានការរីកចម្រើនហើយការចូលរួមបង្កើតកម្មវិធីនេះឡើង គឺចង់ជួយដល់កុមារក្រីក្រ ក្នុងក្រុងប៉ោយប៉ែត និងជូយពង្រឹងវិស័យកីឡា ចង់ឲ្យយុវជនចូលរួមឲ្យបានផុសផុល។ អ្នកចាត់ការទូទៅខ្លឹបលេងកីឡា ចំពោះការរៀបចំកម្មវិធីប្រកួតកីឡាវាយសី នៅពេលខាងមុខនេះមានមាន១៦ក្រុម ហើយមានកីឡាករមកពី៣ប្រទេស ចូលរួមគឺប្រទេសថៃ ប្រទេសម៉ាឡេស្សី និងប្រទេសឥណ្ឌូនេស្ស៊ី។

ពាន់រង្វាន់ដែលទទួល បានសម្រាប់ជ័យលាភីលេខ១ ទទូលបានថវិការ១០.០០០បាត ជ័យលាភីលេខ២ ទទួលបានថវិការ៥.០០០បាត និងលេខ៣ ទទួលបានថវិកា២,៥០០បាត រួមទាំងរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុន សហការមួយចំនួនទៀតផងដែរ ដូចជា ក្រុមហ៊ុនសេវាកម្មអ៊ីនធើណែត Mega និងខ្លឹបលេងកីឡា Firs Fitness ជាដើម។ ម្យ៉ាងវិញទៀត ខាងក្រុមហ៊ុនបានលើកទឹកចិត្តដល់កីឡាករលេខ១ ឲ្យទៅលេងកីឡានៅប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀត។

សូមបញ្ជាក់ថា ក្លឹបយុវជនក្រុងប៉ោយប៉ែត ដែលហៅកាត់ថា Yspc ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦កន្លងទៅ ហើយក៏បានសហការណ៍ ជាមួយបណ្តាក្រុមហ៊ុនពាណិជ្ជកម្ម និងបណ្តាអាជីវធំៗមួយចំនួន នៅក្នុងក្រុមប៉ោយប៉ែត ដើម្បីគៀរគប្រមូលថវិកាសប្បុរសធម៌ ជួយដល់សាលារៀន ដែលនៅតំបន់ដាច់ស្រយាល ដែលមានភាពខ្វះខាត និងបានជួយជាសម្ភារសិក្សាដល់សិស្សានុសិស្សដែលមានជីវភាពខ្វះចខាតផងដែរ៕