(ភ្នំពេញ)៖ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ សហការជាមួយក្រសួង​ធម្មការ និងសាសនា បានរៀបចំកម្មវិធីពិសាអាហារសាមគ្គី (ស្រាយបួស) ជាលើកទី២ នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ Le Grand Palais Boutique Hotel។

ក្នុងនោះ​មានការចូលរួម លោក សុះ មុស៊ីន ​រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែលជាតំណាងទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំង​ភ្ញៀវចូលរួមមកពីសាសនាផ្សេងៗ ប្រមាណ​១០០​នាក់។

លោក សុះ មុស៊ីន ​បានលើកឡើងថា​ ពិធីជួបជុំពិសារអាហារមិត្តភាព នាពេលនេះគឺជាឱកាសមួយដ៏វិសេស សម្រាប់អ្នកដែលមានគោលជំនឿ និងវប្បធម៍ផ្សេងៗគ្នា តែអាចមកអង្គុយតុជាមួយគ្នា ជជែក​ពិភាក្សាគ្នា ដើម្បីរិះរកវិធានការ​ធ្វើយ៉ាងណាឲ្យវិស័យសាសនា នៅកម្ពុជា មានសុខដុមនីកម្ម និងការអភិវឌ្ឍ​។

ជាមួយគ្នានោះ​ លោក ហាកាន់ អាតាសឺវ័រ នាយកប្រត្តិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) បានថ្លែងថា លោក​ជឿជាក់ថា សាសនាដែល​ល្អប្រសើរ ជាសាសនាគោល ទូទៅមានគុណតម្លៃស្រដៀងគ្នា លើការស្រឡាញ់ ការគោរព អ្វីដែលខុស​ត្រូវ ព្រមទាំងសមធម៌ និង​យុត្តិធម៌ ដូច្នេះ​អន្តសាសនាមានសារៈសំខាន់ណាស់ ជាស្ពានចម្លងឲ្យមនុស្សដែលមានសាសនាខុសៗគ្នា យល់ដឹងពីគ្នាកាន់តែខ្លាំង។

សូមជម្រាបថា គោលបំណងក្នុងការរៀបចំកម្មវិធីពិសារអាហាមិត្តភាពនេះ គឺដើម្បីអបអរសាទរ របស់សាសនិកឥស្លាមកម្ពុជា ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកដែលមានគោលជំនឿ និងវប្បធម៌ផ្សេងពីគ្នា និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែប្រសើរជាងមុន រវាងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ និងក្រសួងធម្មការ និងសាសនា។ កម្មវិធីនេះដែរ ក៏បានផ្ដល់ឱកាសឲ្យអ្នកចូលរួមទាំងអស់ មកអង្គុយពិសារអាហាររួមតុគ្នា និងជជែកពិភាក្សា ដោយជំរុញឲ្យមានសេចក្តីស្រលាញ់ និងសាមគ្គីភាពគ្នា ដែលជាកត្តាក្នុងការបំបែករនាំង នៃការមិនចេះអត់ឱនគ្នាទៅវិញទៅមក៕