(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងដំណើរចុះទៅកាន់ទីតាំងនៃដំណើរចេញទៅប្រទេសវៀតណាម ដើម្បីតស៊ូរំដោះប្រទេសជាតិ និងប្រជាជនកាលពី៤០ឆ្នាំមុន ដែលធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ បានរំលឹកបើកកកាយរឿងរ៉ាវដ៏ឈឺចាប់ និងការសម្រេចចិត្តដ៏សែនលំបាកជាច្រើនអនេក។

ក្រៅពីរំលឹកនូវអនុស្សាវរីយ៍មួយចំនួនធំនៅក្នុងទីតាំងវរសេនាធំតំបន់២១ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ដែលសម្តេចជាមេបញ្ជាការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរ ពីការរៀបចំផែនការដើម្បីភៀសខ្លួន និងការតស៊ូរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

ខាងក្រោមនេះគឺជាវិដេអូប្រសាសន៍សំខាន់ៗមួយចំនួន ដែលសម្តេចបានថ្លែងក្នុងពេលចុះទៅ រំលឹកពីប្រវត្តិតស៊ូ៖

 

១៖ អារម្មណ៍ក្តុកក្តួល និងដំណក់ទឹកភ្នែកផ្តើមរមៀលធ្លាក់ ពេលរំលឹកដល់ការសរសេរសំបុត្រលាភរិយា ដែលកំពុងពរផ្ទៃ៥ខែ

ក្រៅពីរំលឹកការរៀបចំ ដើម្បីធ្វើដំណើរភៀសខ្លួន សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ការសរសេរសំបុត្រ ដើម្បីលាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលកំពុងពរផ្ទៃ៥ខែផងដែរ។ សម្តេចតេជោ បានថ្លែងថា សំបុត្រខ្លីមួយ តែសម្តេចត្រូវចំណាយពេលសរសេរជាច្រើនម៉ោង ព្រោះមិនដឹងថា ត្រូវសរសេរយ៉ាងម៉េច។ និយាយដោយអួលដើមករ និងមានទឹកភ្នែកហូរផងនោះ សម្តេចតេជោ បានបញ្ជាក់ថា ទីបំផុតសម្តេចបានរកនឹកឃើញពាក្យបញ្ចប់នៃសំបុត្រនោះថា «លាដើម្បីជួបវិញ» ដែលឃ្លាចុងក្រោយនៃសំបុត្រ ដើម្បីឲ្យភរិយារបស់សម្តេចមានក្តីសង្ឃឹម និងរង់ចាំការវិលត្រឡប់របស់សម្តេច។

 

២៖ ប្រទេសវៀតណាមជាជម្រើសតស៊ូ ព្រោះវៀតណាម មានទីតាំងនៅជិតបន្ទាយវរសេនាធំ ដែលងាយស្រួលក្នុងការរត់ភៀសខ្លួន

ជាចម្លើយតបចម្ងល់មួយចំនួនថា មូលហេតុអ្វីទើបសម្តេចនាយករដ្ឋមន្រ្តីសម្រេចជ្រើសរើសប្រទេសវៀតណាម ដើម្បីតស៊ូនោះ? សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសឡាវ និងប្រទេសថៃ សុទ្ធតែមានចម្ងាយឆ្ងាយ ហើយមិនទាំងដឹងថា ត្រូវធ្វើដំណើរទៅតាមទិសណាផងនោះទេ។ មួយវិញទៀត ក៏មិនប្រាកដថា ប្រទេសទាំងពីរអាចជួយនោះដែរ ដូច្នេះមានតែប្រទេសវៀតណាម ដែលជម្រើសសម្រាប់ស្វែងរកការតស៊ូ។ សម្តេចតេជោ ហ៊ុន សែន ថា មិនត្រឹមតែសម្តេចនោះទេ ដែលស្វែងការជួយពីប្រទេសវៀតណាម សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង លោក លន់ នល់ សុទ្ធតែធ្លាប់ស្វែងរកការជួយពីវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការពឹងវៀតណាម មិនខុសនោះទេ ហើយបើវៀតណាម មិនជួយក៏មិនអាចរំដោះប្រទេសពីរបបប្រល័យពូជសាសន៍បាននោះឡើយ។

 

៣៖ សង្រ្គោះជាតិ ជាពាក្យរបស់គណបក្សប្រជាជនកម្ពុជា

ពីភូមិកោះថ្ម អតីតបន្ទាយវរសេនាធំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យសង្រ្គោះជាតិ គឺជាពាក្យរបស់គណបក្សប្រជាជនកម្ពុជា ប្រើសម្រាប់រំដោះប្រទេសជាតិកាលពី ៤០ឆ្នាំមុន ព្រោះពេលនោះមនុស្សជាតិទាំងមូលរងការកាប់សម្លាប់រង្គាលដូចសត្វ ហើយប្រជាពលរដ្ឋទាំងអស់គ្មានសិទ្ធិសេរីភាពអ្វី រួមទាំងសម្តេចផងដែរ។ សម្តេចតេជោ បន្តថា ប្រសិនបើពេលនោះ មានសិទ្ធិក្នុងការតវ៉ា និងបង្កើតបក្សនយោបាយមិនចាំបាច់សង្រ្គោះនោះទេ។ សម្តេចតេជោ បានថ្លែងឌឺដងថា ពាក្យសង្រ្គោះសម្រាប់កម្ពុជានាពេលបច្ចុប្បន្នគឺគ្មាននោះទេ មានតែសាងគ្រោះឲ្យជាតិ។ សម្តេចតេជោ ក៏បានបញ្ជាកងទ័ពរក្សាសន្តិភាពឲ្យបាន ប្រឆាំងដាច់ខាតបាតុភាពទាំងឡាយ ដែលបំផ្លាញសុខសន្តិភាព។

 

៤៖ ត្រកូល «ហ៊ុន» មិនយកប្រទេសជាកម្មសិទ្ធិផ្តាច់មុខនោះទេ តែត្រកូល «ហ៊ុន» ជាអ្នករក្សាសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងប្រជាជន

ដោយហៅកូនប្រុសទាំង៣សុទ្ធតែជាទាហ៊ានឈរអមពីក្រោយផងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មខ្លាំងៗ ចំពោះអ្នកប្រមាថកម្ទេចត្រកូល «ហ៊ុន»។ សម្តេចតេជោ បានគូសបញ្ជាក់ថា ត្រកូល «ហ៊ុន» មិនមែនជាត្រកូលសម្រាប់ឲ្យកម្ទេចនោះឡើយ ហើយត្រកូល «ហ៊ុន» ក៏មិនយកប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិផ្តាច់មុខនោះឡើយ តែត្រកូលនេះ ជាត្រកូលរក្សាសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងប្រជាជនខ្មែរទាំងមូល

 

៥៖ ការភៀសកាលពី ៤០ឆ្នាំ ជាការភៀសខ្លួន ដើម្បីរំដោះជាតិ និងប្រជាជន មិនមែនជាការភៀសខ្លួនស្វែងរកភាពមានបាននោះឡើយ

ពីក្រោមដើមទ្រយឹងជាប់ព្រំដែនកម្ពុជា-វៀតណាម កន្លែងដែលសម្តេច និងយុទ្ធជនបង្ហាញក្តីសោកសង្រេង វិយោគក្តុកត្តួល ព្រោះតែការឃ្លាតឆ្ងាយពី ប្រទេសកាលពី៤០ឆ្នាំមុននោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការភៀសខ្លួនរបស់សម្តេច រួមនិងយុទ្ធមិត្តកាលពី ៤០ឆ្នាំមុន មិនមែនជាការភៀសខ្លួន ដើម្បីមានបាននោះទេ តែជាការភៀសខ្លួន ដើម្បីរំដោះប្រទេស និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា កាលពី ៤០ឆ្នាំមុននោះមានថ្នាក់ដឹកនាំវៀតណាមជាច្រើន បានមកសួរនាំសម្តេច និងយុទ្ធមិត្តថា ចង់ភៀសខ្លួនទៅប្រទេសទី៣ឬអត់? បើចង់គេអាចបញ្ជូនទៅបានដូចជាជប៉ុន អូស្រ្តាលី និងអាមេរិកជាដើម។ តែចម្លើយរបស់សម្តេច និងយុទ្ធមិន គឺមិនចាកចេញជាដាច់ខាត បំណង់តែមួយគត់ គឺស្វែងរកការរំដោះជាតិ និងប្រជាជន។

 

៦៖ ជនទាំងឡាយ ដែលមានបំណងបំផ្លាញសុខសន្តិភាពត្រូវតែកម្ចាត់ រួមទាំងសម រង្ស៊ី ផងដែរ ប្រសិនហ៊ានបំផ្លាញសន្តិភាព

ពីក្រោមដើមទ្រយឹងដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាពដែលកម្ពុជារកបានមកនេះ គឺលំបាកខ្លាំងណាស់ មានការពលីជីវិតមនុស្សជាច្រើន ក្នុងនោះយុទ្ធមិត្តរបស់សម្តេចចំនួន៤៩នាក់ ត្រូវបានកប់នៅលើដីវៀតណាមរហូតមកដល់ពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាទៅដល់កងទ័ពឲ្យកម្ចាត់អ្នកវិភាគ រួមទាំងលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងនៅកម្ពុជា ក៏ដូចជាជនទាំងឡាយ ដែលចង់បំផ្លាញសុខសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនចាំបាច់ដល់អាវុធនោះទេ អណ្តាត សម្តី និងការសរសេរ ក៏អាចបំផ្លាញសន្តិភាពបានដែរ។

 

៧៖ ខ្ញុំមិនមែនជា សាលដឺហ្គោល តែខ្ញុំបានធ្វើកិច្ចការដែល សាល ដឺហ្គោល បានធ្វើ

នៅទីតាំងកប់អាវុធក្នុងទឹកដីវៀតណាមកាលពី ៤០ឆ្នាំមុននោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងលោក សាល ដឺហ្គោល វីរបុរសរបស់បារាំង បានធ្វើកិច្ចការដូចគ្នា គឺកិច្ចរំដោះប្រទេសជាតិ។ សម្តេចតេជោ បន្តថា ដើម្បីរំដោះប្រទេសជាតិ សម្តេចភៀសខ្លួនទៅវៀតណាម ខណៈលោក សាល ដឺហ្គោល បានភៀសខ្លួនទៅប្រទេសអង់គ្លេស ដើម្បីស្វែងរកការគាំទ្ររំដោះប្រទេសបារាំង ពីការគ្រប់គ្រងរបស់ ហ៊ីលត្លែ៕