(កោះកុង)៖ អភិបាលខេត្តកោះកុងថ្មី លោកស្រី មិថុនា ភូថង ដែលត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាអភិបាលខេត្តនោះ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លោកស្រី មិថុនា ភូថង ត្រូវបានតែងតាំងជាអភិបាលខេត្តកោះកុង ជំនួសលោក ប៊ុន លើត កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ដោយឡែកលោក គួច ចំរើន គ្រោងកាន់តំណែងជាអភិបាលខេត្តកំពង់ចាមថ្មី ក៏បានបញ្ជាក់ផងដែរថា ការប្រកាសតែងតាំងរូបលោកឲ្យចូលកាន់តំណែងជាផ្លូវការ នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខណៈដែលខេត្តត្បូងឃ្មុំ នឹងធ្វើឡើងនៅព្រឹកថ្ងៃដដែលនោះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង។

អភិបាលខេត្តថ្មី ទាំង៣នោះរួមមាន៖

១៖ លោក គួច ចំរើន ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ចាម ជំនួសលោក លន់ លឹមថៃ
២៖ លោក លី ឡេង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ
៣៖ លោកស្រី មិថុនា ភូថង ត្រូវបានតែងតាំងជាអភិបាលខេត្តកោះកុង ជំនួសលោក ប៊ុន លើត៕