(កំពង់ធំ​)៖ កម្លាំងសមត្ថកិច្ចស្រុកស្ទោង បានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធ័ម នៅជិតស្ពានគោលខាងកើត ស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ចបានដាក់ការសង្ស័យថា ជាអំពើឃាតកម្ម ដើម្បីប្លន់យករថយន្តរបស់ជនរងគ្រោះ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋស្រុកស្ទោង បានប្រទះឃើញសាកសពបុរសម្នាក់ នៅចំណុចគល់ស្ពានគោលខាងកើត ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង។

លោកស្នងការបន្តថា មានពលរដ្ឋម្នាក់ឈ្មោះ សៅ ឆុន រស់នៅនៅភូមិតាទ្រាល ឃុំប្រឡាយ ស្រុកស្ទោង បានផ្ដល់ព័ត៌មានដល់កម្លាំងសមត្ថកិច្ចថា ខ្លួនបានឃើញសាកសពមនុស្សប្រុស ស្ថិតនៅចំណុចខាងលើ។ ក្រោយទទួលព័ត៌មាន សមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យភ្លាមៗដែរ។

លោកស្នងការ អ៊ុក កុសល បានបន្ថែមថា បើតាមអត្តសញ្ញាណប័ណ្ណ និងប័ណ្ណបើកបរ សពបុរសម្នាក់នេះ មានឈ្មោះ ធឿន ឡាវី កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៧៩ ទីលំនៅបច្ចុប្បន្នផ្ទះលេខ 9B ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមលោក ឃុន ប៊ុនហួ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ធំ បានដាក់ការសង្ស័យថា អំពើឃាតកម្មនេះ ប្រហែលដើម្បីប្លន់យករថយន្តរបស់ជនរងគ្រោះ ព្រោះមានប្រជាពលរដ្ឋស្គាល់ថា ជនរងគ្រោះជាអ្នករត់តាក់ស៊ី។ ចំណែកសេចក្ដីលម្អិតយ៉ាងណានោះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវជាបន្តទៀត៕