(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក​ សុច សឿង ដែលជាម្ចាស់​បណ្តឹង​ប្រឆាំង​ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញហើយ តាមការកោះហៅរបស់តំណាងអយ្យការ។

លោក​ សុច សឿង អតីត​ចាងហ្វាង​កាសែត​ផ្កាយព្រឹក​ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បានដាក់ពាក្យប្តឹង លោក ខឹម វាសនា ទៅតុលាការក្រុងភ្នំពេញ ដោយចោទប្រធានគណបក្សមួយនេះថា បានជេរប្រមាថ​ម្ដង​ហើយ​ម្ដង​ទៀត​មកលើ​ពូជសាសន៍​ជាតិ​ខ្មែរ​។

នៅក្នុងពាក្យបណ្តឹង លោក​ សុច សឿង បាន​បញ្ជាក់ថា កាលពី​ថ្ងៃ​ទី​ ១២ ខែកុម្ភៈ ឆ្នាំ​ ២០១៧ នៅ​ក្នុង​វេទិកា​ជួបជុំ​មួយ លោក ខឹម វាសនា បាន​ជេរប្រមាថ​ មើលងាយ​ពូជសាសន៍​ខ្មែរ​ ដែលលោក យល់ថាធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោកក្នុងនាមពលរដ្ឋខ្មែរមួយរូប ក៏​ដូចជា​ប្រទេស​ជាតិ​ខ្មែរ​ទាំង​មូល​។

ត្រង់ចំណុចនេះ លោក​ សុច សឿង បានស្នើដល់តុលាការក្រុងភ្នំពេញ ​ផ្ដន្ទាទោស​ លោក វាសនា តាម​ផ្លូវ​ច្បាប់​ និង​ត្រូវឱ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមួយនេះ សុំទោស​ជា​សាធារណៈ​។

អង្គភាពព័ត៌មាន Fresh News មិនទាន់អាចទំនាក់ទំនង លោក ខឹម វាសនា បាននៅឡើយទេ។ ប៉ុន្តែនាពេលកន្លងមក សមាជិករបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានច្រានចោលនូវការចោទប្រកាន់នេះ ហើយចាត់ទុកថា ជាការមួលបង្កាច់៕