(ភ្នំពេញ)៖ លោក​ ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ សម្រេច​ច្រានចោល​បណ្តឹង​របស់​មេធាវី​ការពារ​ក្ដី​លោក​ គឹម​ សុខ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​ ដែល​ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​ ពោល​គឺ​តុលាការ​បន្ត​ឃុំ​ខ្លួន​លោក​ គឹម​ សុខ​ ក្នុង​ពន្ធនាគារ​ដដែល​។

លោក គី តិច មេធាវីការពារក្តីឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងប្រាប់ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះថានៅព្រឹកថ្ងៃនេះតុលាការកំពូលបានសម្រេច តម្កល់សាលដីការបស់​សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឃុំខ្លួនលោក គឹម សុខ, ដែលបានប្តឹងមកសាលាឧទ្ធរណ៍ រហូតដល់តុលាការកំពូល។

សូមជំរាបថា កាលពីថ្ងៃទី០៩ ខែមិថុនាកន្លងទៅ ក្រោយបើកសវនាការលើសំណុំរឿងមុនអង្គសេចក្តីលើករណី សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនលោក គឹម សុខ, នៅពេលនេះតុលាការ​កំពូល សម្រេចប្រកាសសាលដីកា​នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ នេះលទ្ធផលតុលាការ​កំពូល​ច្រានចោល​បណ្តឹង​មេធាវី​ការពារ​ក្តី​លោក​ គឹម​ សុខ​ ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​។

លោក​ គឹម​ សុខ​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ ហើយ​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ដែល​ហ៊ាន​ចោទ​ គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​៕