(កោះកុង)៖ ថ្លែងចេញពីខេត្តកោះកុង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តកោះកុងទាំងអស់ ធ្វើការស៊ើបអង្កេតចំពោះការជួញដូរអាវុធ ក្រោយពីមានករណីនាំអាវុធខុសច្បាប់ចេញពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសភូមា ឆ្លងកាត់ប្រទេសថៃ ដោយចេញតាមច្រករបៀងខេត្តកោះកុង។
ក្នុងពិធីប្រកាសតែងតាំងអភិបាលថ្មីខេត្តកោះកុងជូនដល់លោកស្រី មិថុនា ភូថង, នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ សម្ដេចក្រឡហោម ស ខេង បានបញ្ជាឲ្យសមត្ថកិច្ចរបស់កម្ពុជា សហការជាមួយភាគីថៃ ធ្វើការស៊ើបអង្កេតករណី រត់ពន្ធអាវុធខុសច្បាប់នេះ ដែលចេញពីកម្ពុជាតាមច្រករបៀង ឆ្ពោះទៅភូមា ដែលកំពុងមានសង្គ្រាមនៅទីនោះ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានលើកឡើងទៀតថា កម្ពុជាជាប្រទេសមានសន្ដិភាព ហើយអាវុធជាច្រើនត្រូវបានកម្ទេចចោល ចុះហេតុអ្វីបែរជាមានការជួញដូរអាវុធចេញពីប្រទេសកម្ពុជា ទៅក្រៅប្រទេសយ៉ាងដូច្នេះ។ សម្តេចក្រឡាហោម បានថ្លែងថា តាមចម្លើយនោះគឺអាវុធវាចេញពីខេត្តកោះកុង ចេញតាមច្រករបៀង នៃខេត្តកោះកុង មិនមែនច្រកទ្វាអន្តរជាតិទេ។ សម្តេចក្រឡាហោម បានអះអាងថា ពេលនេះលោក នេត សាវឿន កំពុងទាក់ទងជាមួយនឹងអគ្គស្នងការនគរបាលប្រទេសថៃ ដើម្បីស្រាវជ្រាវរឿងនេះ តើវាចេញពីណាទៅណា ហើយអ្នកណាជាអ្នកធ្វើរឿងនេះ?
សូមបញ្ជាក់ថា កាលពីពេលថ្មីនេះសមត្ថកិច្ចរបស់ប្រទេសថៃបានរកឃើញអាវុធជាច្រើនដើម នៅក្នុងរថយន្ដរបស់យោធាថៃដែលបើកធ្លាក់ផ្លូវ ប៉ុន្ដែរហូតមកដល់ពេលនេះ គេពុំទាន់ទទួលបានព័ត៌មានលម្អិតនេះនៅឡើយទេ៕