(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើឈ្មោះ លឹម វិញ ភេទ​ប្រុស អាយុ៦១ឆ្នាំ ដែលជាប់ចោទពីបទសញ្ចារកម្ម (​បើកហាងម៉ាស្សា បង្កប់សេវាជួញដូរភេទ​) ដោយសម្រេច​ផ្តន្ទាទោសដាក់ពន្ធនាគារ ​២ឆ្នាំ​៧ខែ តែទោសនោះត្រូវព្យួរ​២ឆ្នាំ​។

​ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក​ស្រីព្រះរាជអាជ្ញារង ស៊ឺ វណ្ណី ធ្វើការចោទប្រកាន់តាម​សំណុំរឿងដែលបញ្ជូនពី​ន​គរបាលយុត្តិធម៌​។

សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនសង្ស័យ ឈ្មោះ លឹម វិញ អាយុ៦១ឆ្នាំ ដែលបើកហាងម៉ាស្សា​​នៅផ្ទះល្វែង២ តាមបណ្ដោយផ្លូវ​២៧១ ហើយក្នុងនោះសមត្ថកិច្ច​រកឃើញមាន ស្ត្រីវ័យក្មេង​ចំនួន០៧នាក់ផងដែរ៕