(ភ្នំពេញ)៖ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលហៅកាត់ថា សាលាក្តីខ្មែរក្រហម នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៧ បានបិទបញ្ចប់សវនាការស្តាប់ការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សា ដេញដោលក្នុង សំណុំរឿង ០០២/០២ ដែលមានរយៈពេល៩ថ្ងៃ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន។  នាពេលនេះចៅក្រមនៃអង្គជំនុំជម្រះ ថយទៅពិភាក្សាដើម្បីចេញសាលក្រម។

សវនាការដេញដោលពិនិត្យភស្តុតាង បានចាប់ផ្តើមដោយការធ្វើសេចក្តីសន្និដ្ឋានចោទប្រកាន់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៥ និងបានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៧។ ការជំនុំជម្រះ រួមទាំងការស្តាប់សេចក្តីសន្និដ្ឋាន បិទបញ្ចប់កិច្ចពិភាក្សាដេញដោលផង មានរយៈពេលសរុបចំនួន២៨៣ថ្ងៃ។

ក្នុងអំឡុងពេលសវនាការនេះ អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មពីបុគ្គលសរុបចំនួន ១៨៥ នាក់ ក្នុងនោះមានសាក្សីបញ្ជាក់​អង្គហេតុចំនួន ១១៤ នាក់ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៦៣ នាក់ និងអ្នកជំនាញចំនួន ៨ នាក់។ សវនាការនេះមានការចាប់​អារម្មណ៍យ៉ាង​ខ្លាំងពីសាធារណជន ដោយមានសាធារណជនចូលរួមស្តាប់ និងតាមដានសវនាការនេះដោយផ្ទាល់ សរុបចំនួន ៨២ ៧៨០ នាក់។ ជនជាប់ចោទ ដែលត្រូវជំនុំជម្រះ ក្នុងសំណុំរឿង០០២/០២ មាន នួន ជា ដែលជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។

បទចោទនៅក្នុងសំណុំរឿង ០០២/០២ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពាន យ៉ាងធ្ងន់ធ្ងរទៅលើ​អនុសញ្ញាទីក្រុងហ្សឺណែវ ពាក់ព័ន្ធទៅនឹងទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់លើ អង្គហេតុ ដូចតទៅ៖ ការដ្ឋានការងារ និងសហករណ៍ (សហករណ៍ត្រាំកក់ ការដ្ឋានទំនប់ត្រពាំងថ្ម ការដ្ឋានទំនប់ ១ មករា និងការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង) មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្ស (មន្ទីរសន្តិសុខ ស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោល) អំពើប្រល័យពូជសាសន៍ទៅលើប្រជាជនចាម និងវៀតណាម ការប្រព្រឹត្តិចំពោះពុទ្ធសាសនិកជន និងអតីតមន្រ្តីរដ្ឋការនៃរបប​សាធារណរដ្ឋ​ខ្មែរ និងការរៀបអាពាហ៍ពិពាហ៍នៅទូទាំងប្រទេស។

ជាមួយគ្នានោះ អង្គជំនុំជម្រះក៏បានបើកសវនាការដេញដោលពិនិត្យភស្តុតាង លើការចោទប្រកាន់អំពីលក្ខណៈ នៃជម្លោះប្រដាប់អាវុធ អន្តរជាតិរវាងកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋសង្គមនិយមវៀតណាមតួនាទីរបស់ ជនជាប់ចោទនៅក្នុងរដ្ឋាភិបាល រួមទាំងភ័ស្តុតាងស្តីពីរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងនៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ។

អង្គជំនុំជម្រះសាលាដំបូង នឹងផ្តល់ជូននូវព័ត៌មានបន្ថែមទៀត អំពីកាលបរិច្ឆេទនៃការចេញសាលក្រមនៃសំណុំរឿងនេះ នាពេលវេលាសម​ស្របខាងមុខនេះ៕