(ភ្នំពេញ)៖ ឱកាសពិសេស បានដល់ទៀតហើយ សម្រាប់ជួយដល់មាតាបិតា និងអាណាព្យាបាលរបស់កុមារ សិស្សានុសិស្ស ក្នុងការទទួលបានចំណេះដឹងបន្ថែមពីរបៀប ការណែនាំអប់រំកុមារ ដើម្បីក្លាយជាអ្នកទទួលបានជោគជ័យក្នុងជី​​​វិត ដោយ ធនាគារPhillip Bank (ធនាគារហ្វីលីព ភីអឹលស៊ី) នឹងរៀបចំពិព័រណ៍ស្ដីពីការអប់រំ នៅថ្ងៃទី២៤-២៥ មិថុនា​ ស្អែកនេះ នៅ សាលតាំងព័រណ៍កោះពេជ្រ អគារI ។

ធនាគារហ្វីលីព ភីអឹលស៊ី ជាធនាគារទីមួយ ដែលទទួលបានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា បានការសហការឧបត្ថម្ភធំពីបណ្តាក្រុមហ៊ុន សាលាអន្តរជាតិជាច្រើនដូចជា H&K International School, Southbrigh International School, IDP Education(Cambodia), Kungfu Education and Technology Group, EZECOM, HGB Auto, Panha Chiet School, Manulife , Attipas, ICE Watch, TrueMoney, Cannon, I Qlick ក្នុងការរៀបចំ ពិព័រណ៍អប់រំ នេះ។

លោក ហាន់ ប៉េង គាន់ នាយកគ្រប់ទូទៅ របស់ធនាគារហ្វីលីព បានឲ្យដឹងថា «ការរៀបចំកម្មវិធីនេះ ដើម្បីផ្តល់ចំណេះដឹងបន្ថែម សម្រាប់ជួយដល់មាតាបិតា និងអាណាព្យាបាលរបស់កុមារ ដឹងអំពីតម្រូវការរបស់ក្មេង និងរបៀបនៃការណែនាំអប់រំដល់កុមារ ដើម្បីក្លាយជាអ្នកទទួលបានជោគជ័យ ហើយយើងបានរៀបចំសិក្ខាសាលា​ពិគ្រោះយោបល់សំខាន់ៗដល់មាតាបិតា កុមារ ក្រុមយុវជន និងមនុស្សពេញវ័យ ឲ្យយល់ដឹងបន្ថែមអំពី​យុទ្ធសាស្រ្តគ្រប់គ្រង​ហិរញ្ញវត្ថុ បង្តើតទម្លាប់ការសន្សំ និងដឹងពីសារៈសំខាន់នៃគោលដៅផែនការសម្រាប់ជីវិត»

លោកប​ន្ដថា ព្រឹត្តិការណ៍ពិព័រណ៍ ស្តីអំពីការអប់រំនេះ បានរៀបចំសិក្ខាសាលាសំខាន់ៗជាច្រើនវគ្គ រយៈពេលពីរថ្ងៃ ដ៏មានអត្ថប្រយោជន៍  ដែលមានប្រធានបទដូចជា៖ ១. យុទ្ធសាស្រ្ត ជួយឲ្យកូនលោកអ្នកចេះកំណត់ភាពជោគជ័យ, ២.សារៈសំខាន់នៃការយល់ដឹង ផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ ៣.ធ្វើខ្លួនឲ្យទទួលបានជោគជ័យ ក្នុងអំឡុងពេលសិក្សា ៤.ការៀបចំគម្រោងហិរញ្ញវត្ថុសំរាប់បុគ្គល និងអាជីវកម្ម។

គួរបញ្ជាក់ថា កម្មវិធីនេះស្វាគមន៍ដោយសេរីសម្រាប់មាតាបិតា អាណាព្យាបាល កុមារ សិស្សនិស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់ការសិក្សាលើជំនាញផ្សេងៗ និងសម្រាប់មហាជនទូទៅ ជាពិសេសអ្នកមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួន មានឱកាសចូលរួមបានស្តាប់ និងសិក្សាពីបទពិសោធ ទស្សនៈជោគជ័យនានាដែលនឹងចែករំលែកដោយវាគ្មិនល្បីៗ ដូចជា
លោក ប្រាក់កុសល មកពីនាយកដ្ឋានកុមារតូច លោក, ញឹក ធរដារារឹទ្ធ មកពីសាលា MoneyTree Cambodia, អ្នកនាង គង់ សុរីតា មកពីក្រុមហ៊ុន Ocean Technology, អ្នកនាង ម៉ក់ រស្មី មកពីធនាគារជាតិ អ្នកនាង តឹក ដារី​ មកពីក្រុមហ៊ុន 360 Event, លោក សរ គីណាល់ មកពីក្រុមហ៊ុន A Plus Consulting លោក ប៉ិច បូឡែន មកពីសាលា Westline Group លោកសាស្រ្តាចារ្យ ឡុង បូរិន្ទ មកពីសាលា FTMS Academy និងវាគ្មិនកិត្តិយសល្បីៗជាច្រើនរូបទៀតដែលអញ្ជើញមកពីបណ្តា ក្រុមហ៊ុនធំៗជាច្រើន។

កម្មវិធីនេះចូលរួមដោយសេរី នឹងមានស្តង់ពិព័រណ៍របស់ក្រុមហ៊ុន សាលាអន្តរជាតិធំៗ ប្រមាណជា៣០ នឹងដាក់តាំងផលិតផល សេវាកម្ម និងមានកម្មវិធីកម្សាន្តសម្រាប់កុមារប្រកួតប្រជែងលក្ខណៈគ្រួសារ ការប្រកួតជាក្រុមសម្រាប់អ្នកចូលរួមទាំងអស់ បញ្ចេញសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ និងឈ្នះរង្វាន់សម្រាប់អ្នកចូលរួមទស្សនាក្នុងការតាំងពិព័រណ៍ផងដែរ៕