(ព្រះសីហនុ)៖ ប្រជានេសាទខ្មែរចំនួន២នាក់ បានលិចទូកនៅកណ្ដាលសមុទ្រ ខេត្តព្រះសីហនុ អស់រយៈពេលជាង៥ម៉ោងត្រូវបានអូប៊័រ របស់ក្រុមហ៊ុន GTVC រកឃើញ និងជួយសង្គ្រោះទាន់ ខណៈដែលអ្នកនេសាទទាំង២នាក់នោះ កំពុងហែលទឹកតោងជាមួយប៊ីដុងជ័រ នៅខាងត្បូងកោះឬស្សី ពោលមានចំងាយប្រមាណជាង១០គីឡូម៉ែត្រ ពីកន្លែងលិចទូក។

ហេតុការណ៍នេះបានកើតឡើងនៅ​វេលាម៉ោង០២៖០០ទាបភ្លឺថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ​ ស្របពេលដែលអ្នកនេសាទ ទាំង២នាក់នេះ ជិះទូកនេសាទប្រភេទអួន អូសបង្គា១គ្រឿង បានលិចនៅកណ្ដាលសមុទ្រ ចំងាយប្រហែល៧គីឡូម៉ែត្រ ខាងត្បូងកោះពស់ ខណៈដែលទឹកហូររសាត់ចំងាយប្រហែលជាង១០គីឡូម៉ែត្រពីកន្លែងលិច។

សមត្ថកិច្ចបានឲ្យដឹងថា ​ជនរងគ្រោះទាំង២នាក់ខាងលើ ទី១៖ ឈ្មោះ​ សូន​ ​វណ្ណី​ អាយុ២៧ឆ្នាំ​ មុខរបរនេសាទ (ត្រូវជា​ម្ចាស់ទូក) ទី២៖ ​ឈ្មោះ សុន​ ​សុធី អាយុ៣៥ឆ្នាំ ជាកម្មករនេសាទ ជនរងគ្រោះទាំង២ ត្រូវបានជួយសង្គ្រោះរួចជីវិត ដោយសារអូប៊័រដឹកភ្ញៀវទេសចរណ៍ របស់ក្រុមហ៊ុនGTVC។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់សមត្ថកិច្ច​ថា ទូកនេសាទរបស់គាត់លិច ដោយសារការអូសមងទាក់ជាមួយថ្មនិងគាប់ជួន អាកាសធាតុ មានភ្លៀង ខ្យល់ខ្លាំង ទឹករលកខ្ពស់ វាយគ្រប បណ្តាលឲ្យលិចបាត់តែម្តង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា សម្ភារខូចខាត​រួមមាន​៖ ទូកឈើ​ពណ៌ខៀវ ម៉ាស៊ីនគោយន្ដកម្លាំង៤២សេះ១គ្រឿង លិចបាត់ទាំងស្រុង អួនអូសបង្គាចំនួន៣កំផ្លេ វិទ្យុទាក់ទង១គ្រឿង ឧបករណ៍មើលផ្លូវ មើលបាតសមុទ្រ ហៅថាដាវ១គ្រឿង និងទូរស័ព្ទ១គ្រឿង។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដោយប្រកាសថា កម្ពុជាមានភ្លៀងបន្ដធ្លាក់រាយប៉ាយពេញ ១សប្ដាហ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស ជាមួយនឹងបរិមាណពីមធ្យមទៅបង្គួរ។

ក្រសួងបញ្ជាក់ថា «តាមបណ្ដាខេត្តមួយចំនួនដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្ដាលភាគខាងកើត (ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម) និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។ លើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ និងមានភ្លៀងធ្លាក់ខ្លាំងរលកសមទ្រ មានកំពស់ខ្ពស់ៗ»

កត្កាទាំងនេះហើយ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧៕