(ពោធិ៍សាត់)៖ ​ការ​មករបស់​រថយន្ត​សម្អាត​ផ្លូវ​របស់​ក្រុមហ៊ុន​ ខ្មែរ ​​ប៊ែ​វើរីជីស ក្នុងខេត្ត​ពោធិ៍សាត់​ គឺ​ចំ​គោល​ដៅ​ដែល​ខេត្ត​កំពុង​ចង់​បានតែម្ដង  នេះ​បើ​តាមការ​លើក​ឡើង​របស់​អាជ្ញាធរ​ខេត្ត​​ ក្នុង​ពិធី​​បើក​យុទ្ធនាការណ៍​សម្អាត​ក្រុង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៧នេះ។

​រថយន្ត​សម្អាត​ផ្លូវ​របស់​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស នឹង​បំពេញ​បេសកកម្ម​សម្អាត​ក្រុង​ពោធិ៍សាត់​រយៈ​ពេល​មួយ​សប្តាហ៍ គឺចាប់​ពី​ថ្ងៃទី​២៣ រហូតដល់​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧។

​លោក​ស្រី ជុក សុផានី អភិបាល​រង​ខេត្ត​ពោធិ៍សាត់​ បាន​ថ្លែងថា «ខេត្ត​ពោធិ៍សាត់ ​ត្រូវ​បាន​ជ្រើសរើស​ ជា​ខេត្ត​​ជ័យ​លាភី​ពាន​រង្វាន់ «និរន្តរភាព បរិស្ថាន​ទីក្រុង​អាស៊ាន ផ្នែកទឹកស្អាត» ដែល​នឹង​ទទួល​បាន​ពី​ប្រ​ទេស​ប្រ៊ុយណេនៅខែ​​សីហាខាងមុខនេះ។ ក្រៅ​ពី​ ​ពានរង្វាន់​​ទឹក​ស្អាត​ យើង​ក៏​ចង់​ទទួល​បាន​ពាន់ដីស្អាត​ដែរ ដូច្នេះការ​មក​ជួយ​សម្អាត​ផ្លូវ​​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនេះ​ គឺ​ចំ​គោលដៅ​ដែល​អាជ្ញាធរ​កំពុង​ធ្វើ និង​ចង់​បាន»

​លោក​ឧកញ៉ា​លាង ឃុន ប្រ​ធាន​អគ្គនាយក​ក្រុម​ហ៊ុន​ ខ្មែរ ប៊ែវើរីជីស បាន​ថ្លែងថា «​ក្រុមហ៊ុន​ពិត​ជា​មានមោទនភាព​ ដែល​បាន​ចូលរួម​ជាមួយ​អាជ្ញាធរខេត្ត​ សម្អាត​បរិស្ថាន​ក្នុង​ខេត្ត ខ្ញុំ​សង្ឃឹមថា​ ការ​រួមចំណែក​បន្តិចបន្តួចនេះ នឹង​អាច​ជួយ​ខេត្ត​​ពោធិ៍សាត់​បាន​មួយ​កម្រិត​ ក្នុង​ការចូលរួម​​ប្រ​កួត​ប្រជែងពាន​រង្វាន់បរិស្ថានផ្សេងៗ​ទៀត​​​​»

​ខេត្ត​ពោធិ៍សាត់​ជា​ខេត្ត​ទី​ប្រាំ​បី​ហើយ ដែល​រថយន្ត​សម្អាត​ផ្លូវ​របស់​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស បាន​មក​ដល់។ កន្លងមក រថយន្ត​ធុន​ធ្ងន់​ទាំងពីរ​គ្រឿងនេះ​បាន​ជួយសម្អាត​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់​ចាម ខេត្ត​ស្ទឹងត្រែង ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប ខេត្ត​បាត់​ដំបង់ និង​ខេត្ត​ប៉ៃលិន។

​ក្រោម​យុទ្ធនាការណ៍​ ​«ទី​ក្រុងស្អាត សុខភាពល្អ» ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស នឹង​បញ្ជួន​រថយន្ត​សម្អាតផ្លូវ​ទាំង​ពីរ​គ្រឿង​ទៅ​ជួយ​សម្អាត​ផ្លូវ​ នៅ​គ្រប់​ខេត្ត​ក្រុង ​នៅ​កម្ពុជា៕