(ភ្នំពេញ)៖ មានករណីខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសម្នាក់ នៅក្បែរស្តុបចំការមន (ជិតវត្តថាន់) តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នេះបើយោងតាមកម្លាំងអាវុធហត្ថថ្លែងប្រាប់ឲ្យដឹងនៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលរងការបាញ់សម្លាប់នេះ ជាអ្នករត់ម៉ូតូកង់៣ ឈ្មោះ លុច្ស សារីម អាយុ២៩ឆ្នាំ ស្រុកកំណើត នៅខេត្តព្រៃវែង។ ចំណែកខ្មាន់កាំភ្លើងជិះម៉ូតូម៉ាកអាយខន ។ សាកសពរបស់ជនរងគ្រោះបានយកមករក្សាទុកនៅក្នុងសាលរក្សាសាកសព ក្នុងមន្ទីរពិសោធន៍លាងឈាម ក្បែរមន្ទីរពេទ្យកាល់ម៉ែត។
សាក្សីឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ជិះកង់៣ មានគ្នា៣នាក់ ធ្វើដំណើរពីចាក់អង្រែ ត្រឡប់ទៅផ្សារសូរិយាម៉ល លុះមកដល់ក្បែរស្តុបចំការមន នៅជិតវត្តថាន់ ក៏ជនដៃដល់ជិះម៉ូតូមក ស្រែកឲ្យជនរងគ្រោះឈប់ ហើយក៏មានជម្លោះជាមួយគ្នាមួយប្រ៉ាវ (វ៉ៃគ្នាទៅវិញទៅមក) បន្ទាប់មកជនដៃក៏ដល់ដកកាំភ្លើងបាញ់ពីក្រោយស្លាប់តែម្តង។ សាក្សីបាននិយាយបន្ថែមថា ខ្មាន់កាំភ្លើងជិះម៉ូតូតែម្នាក់ឯងទេ ក្រោយពីបាញ់ជនដៃដល់បានជិះគេចខ្លួនបាត់តែម្តង ហើយអ្នកទាំងពីរដែលស្គាល់គ្នានោះទេ។
សូមរង់ចាំព័ត៌មានបន្ថែម, ភ្នាក់ងារ Fresh News TV កំពុងរាយការណ៍ផ្ទាល់ !