(វៀតណាម)៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភាវៀតណាម នា​រសៀលថ្ងៃទី២៣ ខែមិថុនា ដែលជាថ្ងៃទី១ នៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅលើទឹកដីប្រទេសជិតខាងនេះ លោកស្រី ង្វៀន ធី​គីមងិន បានចូលរួមអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន កាលពីដើមខែឧសភាកន្លងទៅថ្មីៗនេះ ទទួលបានជោគជ័យ។

លោកស្រីចាត់​ទុកថា នេះជាកិត្យានុភាពរបស់កម្ពុជា​នៅលើឆាកអន្តរជាតិ និងជាឱកាសល្អមួយ ឲ្យកម្ពុជាទទួលបានការចាប់អារម្មណ៍ ពីអ្នកវិយោគបរទេសបន្ថែមទៀត។

ការអបអរសាទររបស់ប្រធានរដ្ឋសភាវៀតណាម ចំពោះការជោគជ័យរបស់កម្ពុជាមួយទៀត គឺកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ បានជោគ​ជ័យ សម្រាប់លោកស្រី​ប្រធានរដ្ឋសភាវៀតណាម ជោគជ័យនេះ​ ជាលទ្ធភាពសំខាន់មួយ​ដែលនាំឲ្យកម្ពុជា ទទួលជោគជ័យទៀត ក្នុងការរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០១៨ខាងមុខទៀត។

លោកស្រី ង្វៀន ធី​គីមងិន បានសាទរចំពោះរដ្ឋាភិបាលកម្ពុជា និងវៀតណាម ដែលបានសម្រេចក្នុងការបោះបង្គោលព្រំដែនរួមគ្នា សម្រេចបានប្រមាណជាង៨០ភាគរយនាពេលនេះ ហើយនឹងឈានទៅសម្រេចបានទំាងស្រុង ក្នុងពេលឆាប់ៗនេះ។ លោកស្រីប្រធានរដ្ឋសភា បានជំរុញដល់សម្តេច​ ហេង សំរិន ជួយគំាទ្រ និងលើកទឹកចិត្ត ដល់រដ្ឋាភិបាលប្រទេសទំាងពីរ​ ឲ្យបង្កើនកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត លើវិស័យសន្តិសុខតាមព្រំដែន ពាណិជ្ជកម្ម និងសូមឲ្យរដ្ឋសភាកម្ពុជា វៀតណាមគំាទ្រគ្នាទៅវិញ​ទៅមក នៅក្នុងវេទិកាអន្តរសភា​ទំាងក្នុងតំបន់ និងពិភពលោក។

នៅក្នុងជំនួបពិភាក្សាការងារនេះ ​ប្រធានរដ្ឋសភាកម្ពុជា បានវាយតំលៃខ្ពស់ ចំពោះ​សមិទ្ធិផលដ៏ធំធេង​ដែលរដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​សម្រេចបាន ក្នុងការកសាង ​និង​អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅ​រក​វឌ្ឍនភាព​រុងរឿងយ៉ាងឆាប់រហ័ស។

សម្តេចមានជំនឿថា ក្រោម​ការ​ដឹកនាំ​របស់បក្សកុម្មុយនីស្តវៀតណាម ដែលមាន​លោក ង្វៀន ភូជុង ជាអគ្គលេខាធិការបក្ស, ​លោក ត្រាន់ ដៃក្វាង​ ប្រធានរដ្ឋ, លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តី និង​លោកស្រីផ្ទាល់ ជាប្រធានរដ្ឋសភា ប្រជាជនវៀតណាម នឹង​ទទួល​បាន​ជោគជ័យថ្មីៗថែម​ទៀត ក្នុង​ដំណើរ​ការជម្រុញ ឧស្សាហូបនីយកម្ម និង​ទំនើបនីយកម្ម ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ​កាន់តែខ្លាំង​ខ្លា​ថែមទៀត៕