(ភ្នំពេញ)៖ ជុំវិញរឿងខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសម្នាក់ នៅក្បែរស្ដុបចំការមនកាលពីយប់មិញ លោក យិន សានអធិការនគរបាលខណ្ឌចំការមន បានប្រាប់អង្គភាព Fresh News ដោយសន្និដ្ឋានជំហានដំបូងថា ករណីនេះផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ពោលមិនមែនជារឿងគំនុំ ឬប្លន់អ្វីនោះទេ។
លោកអធិការបានលើកអង្គហេតុថា ឆ្លងតាមការសាកសួរករណីនេះ អាចបណ្ដាលមកពីជនរងគ្រោះដែលជាម្ចាស់កង់បីបានជិះប៉ះគ្នាជាមួយម៉ូតូរបស់ជនបង្ក ហើយជនរងគ្រោះមិនបានឈប់ដោះស្រាយនោះទេបែរជាបើករត់ ទើបធ្វើឲ្យជនបង្កជិះម៉ូតូដេញតាម ក្រោយមកជនរងគ្រោះអាងគ្នាច្រើនបានប្រតាយប្រតប់ជាមួយជនបង្ក ពេលនោះហើយជនបង្កទ្រាំមិនបានក៏ដកកាំភ្លើងបាញ់តែម្ដង។
ទោះជាយ៉ាងណា លោក យិន សាន បានបញ្ជាក់ថា ពេលនេះកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានី ដើម្បីធ្វើការស្រាវជ្រាវបន្ដ។
សូមជម្រាបថា មានករណីខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសម្នាក់ នៅក្បែរស្តុបចំការមន (ជិតវត្តថាន់) តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នេះបើយោងតាមកម្លាំងអាវុធហត្ថថ្លែងប្រាប់ឲ្យដឹងនៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលរងការបាញ់សម្លាប់នេះ ជាអ្នករត់ម៉ូតូកង់៣ ឈ្មោះ លុច្ស សារីម អាយុ២៩ឆ្នាំ ស្រុកកំណើត នៅខេត្តព្រៃវែង។ ចំណែកខ្មាន់កាំភ្លើងជិះម៉ូតូម៉ាកអាយខន។
សាក្សីឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ជិះកង់៣ មានគ្នា៣នាក់ ធ្វើដំណើរពីចាក់អង្រែ ត្រឡប់ទៅផ្សារសូរិយាម៉ល លុះមកដល់ក្បែរស្តុបចំការមន នៅជិតវត្តថាន់ ជនដៃដល់ជិះម៉ូតូមក ស្រែកឲ្យជនរងគ្រោះឈប់ ហើយក៏មានជម្លោះជាមួយគ្នាមួយប្រ៉ាវ (វ៉ៃគ្នាទៅវិញទៅមក) បន្ទាប់មកជនដៃដល់ ក៏ដកកាំភ្លើងបាញ់ពីក្រោយស្លាប់តែម្តង។
សាក្សីបាននិយាយបន្ថែមថា ខ្មាន់កាំភ្លើងជិះម៉ូតូតែម្នាក់ឯងទេ ក្រោយពីបាញ់រួច ជនដៃដល់បានជិះគេចខ្លួនបាត់តែម្តង ហើយអ្នកទាំងពីរមិនដែលស្គាល់គ្នានោះទេ៕