(ភ្នំពេញ)៖ បន្ទាប់ពីកម្លាំងនគរបាលខេត្តបាត់ដំបង បានចាប់ផ្សឹកព្រះសង្ឃមួយអង្គ ដែលពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់នោះ ក្រោយមកព្រះតេជគុណ ប៊ុត ប៊ុនតេញ ប្រធានសមាគមព្រះសង្ឃឯករាជ្យ ដែលធ្វើការរិះគន់រាជរដ្ឋាភិបាលយ៉ាងចាស់ដៃនោះ ចេញមុខអះអាងថា កាំភ្លើងដែលព្រះសង្ឃកាន់ ហើយត្រូវបានសមត្ថកិច្ចចាប់ជាកាំភ្លើងជ័រ។
ឆ្លើយតបការលើកឡើងនេះ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញមកបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ថា «ព្រះតេជគុណ ប៊ុត ប៊ុនតេញ កំពុងបង្កើតឲ្យមានការភ័ន្តច្រលំ និងដាក់សម្ពាធលើស្ថាប័នតុលាការ ហើយសកម្មភាពដែលបង្កើតឲ្យមានការភ័ន្តច្រលំ ឬដាក់សម្ពាធលើស្ថាប័នតុលាការ ពុំផ្តល់ផលប្រយោជន៍ណាមួយដល់ជនត្រូវចោទនោះទេ ផ្ទុយទៅវិញសកម្មភាពនេះអាចប្រឈមនឹងបទល្មើស!»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ សង្កត់ធ្ងន់ថា «ប្រសិនដូចការចោទប្រកាន់របស់តេជគុណថា លេងកាំភ្លើងជ័រមានទោស ប្រហែលពេលនេះតេជគុណ ក៏កំពុងស្ថិតក្រោមចំណាត់ការរបស់សមត្ថកិច្ចផងដែរ!»។
យ៉ាងណាមិញ លោកថា តំណាងអយ្យការផ្តើមចោទប្រកាន់ទៅលើជនសង្ស័យដែលមានពាក់ព័ន្ធថា បានប្រព្រឹត្តអំពើល្មើសព្រហ្មទណ្ឌណាមួយ ហើយចៅក្រមស៊ើបសួរជាអ្នកស្វែងរកភស្តុតាងដាក់បន្ទុកផង និងដោះបន្ទុកផងពាក់ព័ន្ធនឹងអំពើរបស់ជនត្រូវចោទនោះ។ ដោយឡែកករណីជនត្រូវចោទឈ្មោះ ហន សុផាន្នី កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួររបស់តុលាការ មានន័យថា ពុំទាន់មានការកាត់ទោសនៅឡើយទេ ដែលផ្ទុយពីការអះអាង របស់តេជគុណទាំងស្រុងថា «កាត់ទោសដោយគ្មានការស៊ើនអង្កេត»។
អ្នកច្បាប់រូបនេះ បន្ថែមថា ហេតុនេះព្រះតេជគុណ ប៊ុត ប៊ុនតេញ គួរផ្តល់នូវសច្ចៈភាពពិតក្នុងរឿងនេះ ក្នុងនាមជាអ្នកបួស និងគួរផ្តល់នូវភស្តុតាងនានា ដែលយល់ថាជាការដោះបន្ទុកដល់តុលាការតាមរយៈមេធាវី ដើម្បីជាប្រយោជន៍ដល់ជនត្រូវចោទពិតប្រាកដ ជៀសជាងធ្វើសកម្មភាពទាំងឡាយណា ដែលបង្កើតឲ្យមានការភ័ន្តច្រលំ និងដាក់សម្ពាធលើស្ថាប័នតុលាការបែបនេះបន្តទៀត។
សូមជម្រាបថា កម្លាំងនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានចុះចាប់ខ្លួន និងផ្សឹកព្រះសង្ឃ១អង្គ តាមដីការបស់តុលាការបញ្ជាឲ្យចូលខ្លួនលេខ លេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក កឺ ប៊ុណ្ណរ៉ា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត ពីបទធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ព្រះសង្ឃដែលបានឃាត់ខ្លួនតាមដីកាតុលាការនេះមានព្រះនាម ហន សុផាន្នី អាយុ២៤ឆ្នាំ គង់នៅកុដិលេខ១២ ស្ថិតក្នុងសង្កាត់ក្រុងខាងលើ៕