(ភ្នំពេញ)៖ សមាគមអ្នកវាយតម្លៃ អចលនទ្រព្យអាស៊ាន៥ប្រទេស រួមមានប្រទេស កម្ពុជា ម៉ាឡេស៊ី, ថៃ, ភូមា, ហ្វីលីពីន បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតទំនាក់ទំនងអាជីវកម្មឲ្យ កាន់តែទូលំទូលាយរវាងប្រទេសកម្ពុជា និង​បណ្ដាប្រទេសជិតខាង។

ពិធីចុះអនុស្សរណៈយោគយល់គ្នាខាងលើ ធ្វើឡើងនៅនាភោជនីដ្ឋានទន្លេបាសាក់១ ដោយមានការចូលរួមពី លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ប្រធានសមាគមមកពីប្រទេសម៉ាឡេស៊ី ប្រធានសមាគមមកពីប្រទេសថៃ ប្រធានសមាគមមកពីប្រទេសភូមា និងប្រធានសមាគមមកពីប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧។

លោកបណ្ឌិត គីម ហ៊ាង បានថ្លែងឲ្យដឹងថា «នៅក្នុងសមាគមដីធ្លីអាស៊ាន មានចំនួន៨ប្រទេស ដោយមានតំណាងសមាគមដីធ្លីម្នាក់, តាំងពីដើមមកសមាគមដីធ្លីកម្ពុជា បានចុះអនុស្សរណៈជាមួយ សមាគមដីធ្លីនៅសឹង្ហបុរី កាលពី២០១៦ ហើយយើងបាន​ចុះ MoU ជាមួយសមាគមវៀតណាម នៅខែមេសា ឆ្នាំ២០១៧នេះ សម្រាប់ថ្ងៃនេះ មានប្រទេសចំនួន៤ បានចុះអនុស្សរណៈ រួមមានប្រទេស ម៉ាឡេស៊ី, ថៃ, ភូមា, និងហ្វីលីពីន ជាមួយប្រទេសកម្ពុជា»

លោកបន្ដទៀតថា ការចុះអនុស្សរណៈនេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនរួមមាន ផ្ដល់ភាពងាយស្រួល ដល់សមាគមក្នុងការទំនាក់ទំនងគ្នា សមាជិកស្គាល់ និងដោះដូរបទពិសោធន៍គ្នា ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺអាចបង្កើតទំនាក់ទំនង អាជីវកម្មឲ្យកាន់តែទំលំទូលាយ ព្រោះ​អាស៊ានទៅថ្ងៃមុខ គឺគ្នាព្រំដែននោះឡើយ៕