(ភ្នំពេញ)៖ លោកស្រី ណា សុភាវត្តី អគ្គនាយករង សាលាញ៉ូហ្គេតវ៉េអន្ដរជាតិ (New Gateway International School-GIS) បានថ្លែងថា ការបញ្ជូនកូនទៅរៀន នៅសាលាថ្លៃ គឺជាកត្តាល្អ ប៉ុន្ដែដើម្បីឲ្យកូនៗទទួលបានជោគជ័យក្នុងការសិក្សា គឺមិនពឹងផ្អែក​ទៅលើសាលារៀននោះទេ គឺពឹងផ្អែកលើការយកចិត្តទុកដាក់ សហការយ៉ាងសកម្មពីមាតាបិតាសិស្ស, ដោយយល់ឃើញដូច្នេះហើយ ទើបសាលា GIS តែងតែរៀបចំកម្មវិធីជំនួបរវាងមាតា បិតា និងអាណាព្យាបាលសិស្ស ជាមួយគ្រូបង្រៀន ដើម្បីបង្កើតនូវការទំនាក់ទំនង​ និងកិច្ចសហការ រវាងមាតាបិតាសិស្សជាមួយគ្រូ។

លោកស្រីអគ្គនាយិការរង បានថ្លែងឲ្យដឹងថា ការរៀបចំឲ្យមានការជួបជុំ រវាងមាតាបិតាសិស្ស និងគ្រូបង្រៀនធ្វើឡើងដើម្បីផ្លាស់ប្ដូរ យោលបល់គ្នា ពីការរីកចម្រើន និងចំណុចខ្វះខាតដែល ត្រូវយកចិត្តទុកដាក់កែលម្អ លើកង្វះខាតមួយចំនួនរបស់កូនៗ ធ្វើយ៉ាងណា ឲ្យពួកគាត់ទទួលបាននូវចំណេះដឹងសីលធម៌-សុជីវធម៌ក្នុងការរស់នៅ ប្រកបដោយភាពថ្លៃថ្នូរ និងពង្រីកការអប់រំឲ្យមាន ការអភិវឌ្ឍ​កម្រិតខ្ពស់ផងដែរ។

លោកស្រីលើកឡើងថា ការទទួលបានជោគជ័យ ក្នុងការសិក្សានេះ គឺមិនពឹងផ្អែកតែទៅលើសាលាទាំងស្រុងនោះឡើយ គឺត្រូវទាមទារឲ្យមានការ
សហការណ៍ និងយកចិត្តទុកដាក់ខ្ពស់ជាពិសេសតាម ដានការសិក្សារបស់កូនៗពីសំណាក់មាតា បិតា និងអាណាព្យាបាលសិស្ស គ្រប់រូបមិនអាចខ្វះបាន។

ការចូលរួមរបស់មាតាបិតា អាណាព្យាបាលក្នុងការអប់រំជាកត្តាសំខាន់បំផុត នឹងទទួលបាននូវលទ្ធផល​ការសិក្សាល្អ អត្រាការប្រឡងជាប់ខ្ពស់អត្រាបោះបង់ និងព្យូរការសិក្សាមានកម្រិតទាប ព្រមទាំងសិស្សអាចស្ថិតនៅឆ្ងាញពីគ្រឿង ញៀន គ្រឿងស្រវឹង និងសកម្មភាពក្មេងទំនើងដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់លុបបំបាត់ជាដើម។ នេះបើតាមការឲ្យដឹង​បន្ថែមពីលោកស្រីអគ្គនាយិការរង។

ការចូលរួមរបស់ក្រុមគ្រួសារ ក្នុងការអប់រំនឹងធ្វើឲ្យលទ្ធផល នៃការសិក្សារបស់បុត្រធីតា ទទួលបានជោគជ័យកើនឡើងទ្វេដងនេះ ជាផែនការសន្សំទ្រព្យទុកសម្រាប់បុត្រធីតា ក៏ដូចជាផ្ដល់នូវទ្រព្យសម្បត្តិ និងសុភមង្គលដ៏ត្រចេះត្រចង់ ទៅថ្ងៃអនាគតផងដែរ។

សាលាញ៉ូហ្គេតវ៉េអន្ដរជាតិ មិនត្រឹមតែចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលនៅក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្ស ប្រកប​ដោយសមត្ថភាពសេចក្ដីថ្លៃថ្នូរ និងមេត្តាករុណាក្នុងសង្គមគ្រួសារសង្គមជាតិប៉ុណ្ណោះទេ ក៏បានចូលរួមយ៉ាងសកម្មជាមួយសហគមន៍ និងសង្គមកិច្ចដើម្បីរួមចំណែករំលែកទុក្ខលំបាករបស់សិស្សទីទ័លក្រ។

កម្មវិធីជំនួបរវាងមាតាបិតា អាណាព្យាបាលជាមួយគ្រូបង្រៀននាឱកាសនេះ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈដោយការ គាំទ្រ និងអញ្ជើញចូលរួមពីមាតាបិតាសិស្សជាច្រើន៕