(សៀមរាប)៖ សាខាកាំកុងត្រូលខេត្តសៀមរាប រយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០១៧នេះ ដកហូតទំនិញខូចគុណភាព បានជាង៦៧គីឡូក្រាម នៅ​​ផ្សារបន្ទាយស្រី ស្ថិតក្នុងឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី និងនៅផ្សារដើមក្រឡាញ់ ស្ថិតក្នុងសង្កាត់គោគចក ក្រុងសៀមរាប​។

ក្នុងយុទ្ធនាការនោះ ក្រុមមន្ដ្រីជំនាញ​បានធ្វើតេស្តបឋម ទៅលើម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ រួមមាន អំបិល ប្រហិតសាច់ជ្រូក ប្រហិតសាច់គោ ប្រហិតសាច់ត្រី ប្រហិតក្តាម ប្រហិតបង្គា សាច់ប៉ាតេ សរសៃគុយទាវ ម៉ីលឿង ខ្ញីហាន់ស្រាប់ ក្រអៅឈូកហាន់ស្រាប់ សណ្តែកបណ្តុះ ត្រពាំងជ្រក់ ស្ពៃជ្រក់ មមែងជ្រក់ ប្រហុក គ្រឿងសមុទ្រក្លាសេ។

​ជាលទ្ធផល នៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ ដោយអំបិលមានអ៊ីយ៉ូតល្អ និងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ដូចជា Borax, Salicylic Acid និងម្សៅស Sodium Hydrosulfite និង Formalin នៅក្នុងម្ហូបអាហារទាំងនោះឡើយ ។

ប៉ុន្ដែចំពោះការពិនិត្យមើលលើម្ហូបអាហារវេចខ្ចប់រួច ពិនិត្យឃើញមានផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទ​ប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូល ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក​ ដើម្បីកម្ទេចចោល ហើយទំនិញដែលហូតបាននោះរួមមាន៖ ​ទឹកក្រូចដបជ័រចម្រុះ, ភេសជ្ជៈ​ស្ទីង, ទឹកដោះគោខាប់, ទឹកស៊ីរ៉ូ, ទឹកស៊ីអ៊ីវ, ទឹកប៉េងប៉ោះ, ទឹកសៀង, ស្ពៃកំប៉ុង, ដំឡូងបារាំងកំប៉ុង និង​យីហ៊ឺកញ្ចប់​ សរុប​៦៧គីឡូក្រាម​។

ជាមួយគ្នានោះដែរ ​ក្រុមការងារក៏បានចែក​​​នូវ រូបភាព Poster និង​ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ ​អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ​ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ៕