(បាត់ដំបង)៖ កុមារាអាយុ១១ឆ្នាំម្នាក់ បានរើសគ្រាប់ប្រភេទ៦០មីល្លីម៉ែត្រ តាមវាលស្រែមកគប់លេងនឹងគល់ឈើ បណ្តាផ្ទុះរងរបួសធ្ងន់ នៅវេលាម៉ោង១៖៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ នៅចំណុចភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចជួយដឹកយកមកសង្រ្គោះ នៅមន្ទីរពេទ្យខេត្ត។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានកុមារាអាយុ១១ឆ្នាំម្នាក់ បានរើសគ្រាប់នៅសល់ពីសម័យសង្រ្គាម ១គ្រាប់ប្រភេទ៦០មីល្លីម៉ែត្រ តាមវាលស្រែមកគប់លេងនឹងគល់ឈើ បណ្តាផ្ទុះរងរបួសធ្ងន់ដោយ កដៃស្តាំ របួសផ្ទៃមុខ និងភ្នែកខាងស្តាំឈាមពេញខ្លួន។

ក្រោយពីកើតហេតុភ្លាមៗក្រុមការងារ អង្គភាពស៊ីម៉ាក់ ដែលឈរជើងនៅក្បែរនោះ បានដឹកជនរងគ្រោះ តាមរថយន្តទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តបាត់ដំបង៕