(វៀតណាម)៖ ជាមួយការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅលើទឹកដីវៀតណាម លោក ង្វៀន សួនហ៊្វុក បានលើកឡើងថា រយៈពេល៥០ឆ្នាំមកនេះ កម្ពុជា និងវៀតណាម បានជួយគ្នាកៀកស្មាគ្នាគំាទ្រទៅវិញទៅមក ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលប្រពៃណីជួយគ្នា មិត្តភាពជាបងប្អូននេះ គួរតែត្រូវពង្រឹងថែរក្សាបន្ថែមទៀត សម្រាប់យុវជនជំនាន់ក្រោយរបស់ប្រទេសទំាងពីរ។

ការលើកឡើងរបស់នាយករដ្ឋមន្រ្តីវៀតណាមបែបនេះ នៅពេលលោកទទួលជួបសវនការ ជាមួយសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូកម្ពុជា នៅវិមានរដ្ឋាភិបាលវៀតណាម នៅរដ្ឋធានីហាណូយ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧។

នាឱកាសនោះ លោក ង្វៀន សួនហ៊្វុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតីតព្រះមហាវីរក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានជួយគំាទ្រ ដល់សកម្មភាពស្វែងរកសន្តិភាព ឯករាជ្យភាពរបស់ប្រទេសវៀតណាម នាអតីតកាល។

លោករដ្ឋមន្រ្តីបានលើកឡើងថា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្របច្ចុប្បន្ន និងដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខាងស្ថាប័ននីតិប្រតិបត្តិ និងខាងស្ថាប័ននីតិប្បញ្ញត្តិ មានសម្តេចពញាចក្រី ហេង សំរិន នោះ បានធ្វើឲ្យកម្ពុជា ទទួលបានការអភិវឌ្ឍជាលំដាប់។

នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងយ៉ាងដូច្នេះថា «វៀតណាមសូមចូលរួមអបអរសាទរ ជាមួយប្រជាជនកម្ពុជា ចំពោះការទទួលបានសមិទ្ធផល ជាបន្តបន្ទាប់នេះ»។

ជាមួយគ្នានេះ សម្តេចពញាចក្រី ហេង សំរិន ក៏បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែលរដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿនយ៉ាងឆាប់រហ័ស។

សម្តេចបានគូសបញ្ជាក់ថា «យើងខ្ញុំមានជំនឿថា ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកុំម្មុយនីស្តវៀតណាម ដែលមានលោក ង្វៀន ភូជុង ជាអគ្គលេខាធិការបក្ស លោក ត្រាន់ ដៃគួង ប្រធានរដ្ឋ លោក ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភា និងលោកផ្ទាល់ជានាយករដ្ឋមន្រ្តី ប្រជាជនវៀតណាម នឹងបន្តទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងដំណើរជំរុញឧស្សាហកម្ម និងទំនើបនីយកម្ម ដើម្បីអភិវឌ្ឍប្រទេសជាតិកាន់តែខ្លាំងក្លាថែមទៀត»។

សូមជម្រាបថា សម្តេចពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៣-២៦ ខែមិថុនា ឆ្នាំ២០១៧៕