(បន្ទាយមានជ័យ)៖ ​កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានបន្តចុះប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យប្រុសស្រី៣នាក់ ដែលជួញដូរគ្រឿងញៀនដ៏សកម្ម នៅក្រុងប៉ោយប៉ែត ដោយបានដកហូតថ្នាំញៀនចំនួន៦១៥គ្រាប់ និងជិត១០០ក្រាមទៀត។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា​ កម្លាំងជំនាញ​ចុះប្រតិបត្តិការ រហូតដល់ឃាត់ខ្លួន ជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់​​​ រួមមទាំងវត្ថុតាងជាច្រើន។ ដំបូងឡើយ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ុន វ៉ាន់ ភេទស្រី អាយុ២៧ឆ្នាំ (អ្នកចែកចាយបន្ត) នៅចំណុចចំការស្វាយ នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ និងសួរនាំស្រាវជ្រាវបន្តរហូតដល់ឃាត់ខ្លួនមេចែកចាយដ៏សកម្ម នៅក្រុងប៉ោយប៉ែត ឈ្មោះ សេង ជា អាយុ៤៤ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត និងឈ្មោះ តាំង ចន្ធូ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចជំនាញ​ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀន​ប្រភេទមេតំហ្វេតាមីន WY​ ចំនួន ៦១៥គ្រាប់ គ្រឿងញៀន​ប្រភេទមេតំហ្វេតាមីន​ ICE ទម្ងន់ជិត​ ១០០ក្រាម​, ទូរស័ព្ទម៉ាក Nokia ចុចពិល ៣គ្រឿង Samsung ១គ្រឿង ជញ្ជីងថ្លឹង១ ដែលលាក់ទុកក្នុងកញ្ចប់សាប៊ូ និងកំប៉ុងម្សៅស៊ុប និងម៉ូតូ១គ្រឿង ម៉ាកឌ្រីមសេ១២៥ សេរី២០១៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1P-1062 ពណ៌ខ្មៅ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី​ទាំង៣នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្តរទៅតាមផ្លូវច្បាប់៕