(ភ្នំពេញ)៖ ស្របពេលដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត​ (គ.ជ.ប) ចេញផ្សាយជាសាធារណៈនៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនានេះ ពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់, គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានចេញសេចក្តីថ្លែងការណ៍ ប្រកាសយ៉ាងឱឡារិក ពីជ័យជំម្នះរបស់ខ្លួន ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងបានចាត់ទុកថាជ័យជម្នះនេះ បានធ្វើឲ្យបរាជ័យទាំងស្រុងនូវការប៉ុនប៉ង របស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិនានា ដែលមានបំណងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។

សេចក្តីថ្លែងការណ៍របស់ CPP បានសង្កត់ធ្ងន់ថា «តាមរយៈជ័យជំនះនេះ បានធានានូវមូលដ្ឋានយ៉ាងរឹងមំាសម្រាប់ ឲ្យគណបក្សប្រជាជនកម្ពុជា ឈានទៅទទួលជ័យជម្នះ ដ៏ត្រចះត្រចង់ជាថ្មីទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ»

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏បានប្តេជ្ញាយ៉ាងឱឡារិកថា នឹងប្រមូលផ្តុំកម្លាំងបន្តប្រឹងប្រែងពេញទំហឹង ដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០១៧-២០២២ ដែលបានប្រកាសជូនជនរួមជាតិឲ្យសម្រេចបានជោគជ័យជាដាច់ខាត បង្កើនឡើងនូវសមិទ្ធផលថ្មីៗទៀត នៅគ្រប់មូលដ្ឋាន ដែលឆ្លើយតបទាំងស្រុង ទៅនឹងសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

សូមជំរាបថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចេញផ្សាយដោយ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩៕