(ហាណូយ)៖ សន្និសីទរណសិរ្សនៃប្រទេសកម្ពុជា វៀតណាម និងឡាវ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នាទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានវត្តមាន ប្រធានរណសិរ្សប្រទេសទំាងបី ក្នុងនោះភាគីកម្ពុជា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ 

ថ្លែងក្នុងសន្និសីទនេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានលើកឡើងថា ការជួបជុំគ្នានាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការពូនជ្រុំពង្រឹង និងពង្រីកនូវសាមគ្គីភាព មិត្ដភាព និងសហប្រតិបតិ្ដការល្អរវាងប្រទេសទាំងបី ដែលមានខ្សែបន្ទាត់ព្រំដែនតែមួយបន្តទៀត។

សម្តេចពញាចក្រីបន្តទៀតថា សន្និសីទនេះក៏ដើម្បីប្រមូលផ្តុំនូវគំនិត និងបញ្ញាញាណដ៏ទូលំទូលាយ សម្រាប់រិះរកវិធានការដ៏សមស្របនានា រួមគ្នាបំបាត់អំពើហឹង្សាកុំឲ្យកើតមាននៅតាមខ្សែបន្ទាត់ព្រំដែន ហើយឈានទៅដល់ការពង្រឹងសន្ដិភាព និងការអភិវឌ្ឍន៍រីកចម្រើន ដែលជាបំណងប្រាថ្នារួមរបស់ប្រទេសទាំងបី ស្របទៅនឹងទស្សនទាន «ភាពជាអ្នកជិតខាងល្អ» នោះដែរ។

សម្តេចពញាចក្រី ហេង សំរិន បានមានបញ្ជាក់ថា ប្រទេសកម្ពុជា-វៀតណាម និងឡាវ ធ្លាប់បានឆ្លងកាត់ការលំបាក និងភាពប្រឈមរួមគ្នាជាច្រើន នៅក្នុងព្រិត្ដិការណ៍ប្រវត្ដិសាស្រ្តជាច្រើន ដំណាក់កាលមកហើយ។ ក៏ប៉ុន្ដែបច្ចុប្បន្ន ប្រទេសទាំងបី បានឈានចូលទំព័រថ្មី នៃប្រវត្ដិសាស្រ្ត ដោយសម្រេចបានសន្ដិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍ និងបានបោះជំហានឈានឆ្ពោះ ទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការរួមចំណែកដល់សុខសន្ដិភាព កិច្ចសហប្រតិបត្ដិការ វិបុលភាព ការអភិវឌ្ឍ សេដ្ឋកិច្ចតំបន់ និងពិភពលោក។

ក្នុងឱកាសនោះដែរ លោក ជិន ថាញ់មិន ជាប្រធានរណសិរ្សមាតុភូមិវៀតណាម បានលើកឡើងថា ប្រជាជនទំាងបីប្រទេស កម្ពុជា វៀតណាម និងឡាវ ផឹកទឹកទន្លេមេគង្គរួមគ្នា ដែលមានប្រភពតែមួយ ហើយទន្លេមេគង្គជាទ្រព្យសម្បត្តិ ដ៏មានតម្លៃដែលនាំមកនូវជីវភាព សម្បូរសប្បាយ និងបង្ក នូវលក្ខណៈវប្បធម៌ប្រហាក់ប្រហែលគ្នា។ ទន្លេមេគង្គក៏ជាសាក្សី នៃការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរលួត ទឹកចិត្តស្មោះសរភក្តីភាពរវាងប្រទេសកម្ពុជា វៀតណាម និងឡាវផងដែរ។

លោកបានបន្តថា ចំណងមិត្តភាព សាមគ្គីភាពជាពិសេស រវាងប្រជាជនកម្ពុជា វៀតណាម និងឡាវ បានក្លាយជាទំនាក់ទំនងយុទ្ធសាស្រ្តដ៏យូរលង់ និងដ៏កម្រមានក្នុងទំនាក់ទំនងអន្តរជាតិ ដែលត្រូវបានពូនជ្រុំដោយការបូជាសាច់ស្រស់របស់វីរជន យុទ្ធជនពលីកម្ពុជា វៀតណាម និងឡាវ ជាច្រើនជំនាន់ គឺជាក្រិតក្រមអត្ថិភាព ការអភិវឌ្ឍន៍ និងជាកក្តាធានា នូវការជោគជ័យក្នុងបុព្វហេតុបដិវត្តន៍កសាង និងការពារមាតុភូមិ នៃប្រទេសនីមួយៗក្នុង សម័យអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

ចំណែក លោក សាយសំផន ភូមិវិហាន ប្រធានរណសិរ្សឡាវកសាងជាតិ បានលើកឡើងថា រណសិរ្សទំាងបី បានបង្កើតឡើងក្នុងស្ថានភាពប្រវត្តិសាស្រ្ត មានភាពច្របូកច្របល់ជួប ការលំបាកវេទនា ដើម្បីប្រមូលផ្តុំកម្លំាងទំាងមូល របស់ប្រជាជនគ្រប់ជាតិ សាសនា វណ្ណៈ ភេទ អាយុ រួមគ្នាតស៊ូដណ្តើមយកឯករាជ្យ និងសេរីភាពសម្រាប់ប្រទេសជាតិ ដើម្បីភាពសុខសាន្ត និងភាពសម្បូរសប្បាយរុងរឿងរបស់ប្រជាជន។

ប្រធានរណសិរ្សឡាវកសាងជាតិ បានលើកឡើងបន្តថា ជាមួយប្រពៃណីសាមគ្គីជួយគ្នាទៅវិញទៅមក និងលទ្ធផលដែលបានសម្រេចនា ពេលកន្លងមក រណសិរ្សនៃប្រទេសទាំងបី នឹងបន្តសហការអនុវត្តកម្មវិធីសហប្រតិបត្តិការគ្នាបន្តទៀត ដើម្បីទទួលបានផលប្រយោជន៍រួម សម្រាប់ប្រជាជនប្រទេសទាំងបី។

ជាតំណាងឱ្យសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានឡើងថ្លែងនៅក្នុងសន្និសីទថា សន្និសីទនេះប្រារព្ធឡើង ដើម្បីបង្ហាញពីសក្ខីភាព នៃការពង្រឹងចំណងសាមគ្គីភាព មិត្តភាពស្អិតរមួត រួមសុខរួមទុក្ខ ជួយគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងបី កម្ពុជា ឡាវ វៀតណាម។

លោកស្រីឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា សមាគមមិត្តភាពនៃប្រទេសទាំងបី មានតួនាទីស្រដៀងគ្នា គឺមានបេសកកម្មធ្វើជាស្ពាន និងធ្វើជាអ្នកការទូតប្រជាជន ដើម្បីបំពេញបន្ថែមជួយដល់រដ្ឋាភិបាល នៃប្រទេសរៀងៗខ្លួន ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងបី ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការងារមហាជន ប្រជាជន អតីតយុទ្ធជន នារី និងយុវជន ធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយអ្នកក្រ និងជនរងគ្រោះដោយធម្មជាតិជាដើម និងផ្លាស់ប្តូរបទពិសោធន៍ការងារ ទៅវិញទៅមករវាងសមាគមទាំងបី។

សូមជម្រាបថា បន្ទាប់ពីបានបើកសន្និបាតពេញមួយព្រឹក ដែលបានស្តាប់របាយការណ៍ ពីភាគីពាក់ព័ន្ធ របស់ប្រទេសកម្ពុជា វៀតណាម និងឡាវនោះ ប្រធានរណសិរ្សប្រទេសទំាងបី បានចុះហត្ថលេខារួមគ្នាបន្តទៀត លើអនុស្សារណៈស្តីពីកម្មវិធីសហប្រតិបត្តិការ រវាងរណសិរ្សប្រទេសទំាងបី ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។

នៅក្នុងអនុស្សារណៈនេះ មានចំនុចសំខាន់ៗជាគោល ចំនួន៦រួមមាន៖
ទី១៖ បន្តជំរុញខ្លំាងការងារឃោសនា អំពីខ្លឹមសារជាក់ស្តែង មានដូចជា ប្រពៃណីនៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងបី។

ទី២៖ ជំរុញសកម្មភាពជួយប្រាស្រ័យ ចងសម្ព័ន្ធមេត្រីភាពរវាងរណសិរ្សតំបន់នៃប្រទេសទំាងបី។

ទី៣៖ គឺរៀបចំបណ្តាសកម្មភាពអបអរសាទរ ទិវារំលឹកខូបអនុស្សាវរីយ៍ធំៗក្នុងឆ្នាំ២០១៧ នៃប្រទេសទំាងបី ដែលមានដូចការថ្ងៃបង្កើតទំនាក់ទំនង ការទូតនៃប្រទេសទំាងបីជាដើម។

ទី៤៖ គឺការបង្កើនការផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់ រៀបចំគណៈប្រតិភូមន្រ្តី ទៅបំពេញទស្សនកិច្ច បំពេញការងារនិងហ្វឹកហ្វឺន ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា។

ទី៥៖ ភាគីទាំងបី រួមសហការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅប្រជាជន កសាងចំណងមិត្តភាព យោគយល់គ្នារវាងប្រជាជន នៃបណ្តាប្រទេស ដើម្បីរួមចំណែករក្សា សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ទី៦៖ នៃអនុស្សារណៈនេះគឺ ឆ្នាំ២០២០ នឹងរៀបចំសន្និសីទនៅប្រទេសកម្ពុជា ដើម្បីបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធី ឆ្នាំ២០១៧ ដល់ឆ្នាំ២០១២០នេះ។

សូមជម្រាបថា នេះជាសន្និសីទប្រធានរណសិរ្សលើកទី៣ ដែលលើកទី១ ធ្វើនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១១ លើកទី២ នៅទីក្រុងវៀងចន័្ទប្រទេសឡាវ នាឆ្នាំ ២០១៣ ហើយរណសិរ្សប្រទេសទំាងបី មានឈ្មោះខុសៗគ្នា។

រណសិរ្សប្រទេសកម្ពុជា មានឈ្មោះថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា រណសិរ្សប្រទេសវៀតណាម មានឈ្មោះថា រណសិរ្សមាតុភូមិវៀតណាម ចំណែកនៅប្រទេសឡាវ គឺរណសិរ្សឡាវកសាងជាតិ។

រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចាប់បដិសន្ធិឡើង នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ ដោយមានឈ្មោះដើមថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា៕