(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់អង្គភាព Fresh News ថា ក្នុងថ្ងៃអាទិត្យនេះ កម្លាំងនគរបាលខេត្ត បានចុះបង្រ្កាបទីតាំងល្បែងកន្ទុយលេខ៤កន្លែង ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ និងបានបង្ក្រាបទីតាំងល្បែងជល់មាន់១កន្លែងទៀត ដោយបានឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ។

លោកស្នងការ ហ៊ូ វ៉ាន់នី បានឲ្យដឹងថា ចំពោះទីតាំងឆ្នោតកន្ទុយលេខរួមមាន៖ ទីតាំងទី១ នៅចំណុចមុខហាងនំបុ័ងផ្សារលើ ឃាត់ខ្លួន១នាក់ ឈ្មោះ ចាន់ ណា ភេទស្រី អាយុ៤៩ឆ្នាំ, ទីតាំងទី២ នៅចំណុចមុខផ្សារលើ (ផ្នែកខាងកើត) ឃាត់ខ្លួន១នាក់ ឈ្មោះ អ៊ី ប៉ូឡូ អាយុ៤៥ឆ្នាំ, ទីតាំងទី៣ នៅភូមិស្ទឹងថ្មី (លក់ឆ្នោតនៅផ្ទះ) ឃាត់ខ្លួន១នាក់ ឈ្មោះ លិះ ព្រួន ភេទស្រី អាយុ៥២ឆ្នាំ, ទីតាំងទី៤ នៅចំណុចមុខផ្សារត្រាំនាគ ឃាត់ខ្លួន២នាក់ ឈ្មោះ តាន់ រីវ៉ាន់ អាយុ៥១ឆ្នាំ និងឈ្មោះ សឿន សូរិយា ភេទស្រី អាយុ២៥ឆ្នាំ។

ដោយឡែកចំពោះទីតាំងល្បែងជល់មាន់វិញ គឺកម្លាំងសមត្ថកិច្ចខេត្ត បានចុះបង្ក្រាបនៅភូមិប្រដាក់ ឃុំព្រៃជ្រូក ដោយឃាត់ខ្លួនមនុស្ស ៣នាក់ ដកហូតម៉ូតូ៩គ្រឿង និងមាន់ជល់ ២ក្បាល។

លោកស្នងការបានបន្តថា ក្នុងថ្ងៃដដែលនេះដែរ កម្លាំងសមត្ថកិច្ចរបស់លោក ក៏បានចុះទៅដល់ស្រុកស្វាយលើ បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋថា បានប្រទះឃើញគ្រាប់ប្រវែង៦០មីលីម៉ែត្រ ចំនួន១គ្រាប់ នៅចំណុចត្រពាំងខ្ទុម ខាងលិចភូមិបឹងមាលា ចម្ងាយប្រហែល៤០០ម៉ែត្រ និង១គ្រាប់ទៀត ប្រវែង៨០មីលីម៉ែត្រ ដែលប្រជាពលរដ្ឋបានប្រទះឃើញនៅ ចំណុចខាងត្បូងភូមិចាន់ហៀរ ចម្ងាយប្រហែល១៥០ម៉ែត្រ ពីភូមិបឹងមាលា ហើយហេតុការណ៍នេះ សមត្ថកិច្ចក៏បានរាយការណ៍ទៅអង្គការហេឡូត្រាស់ រំដោះចេញដើម្បីយកទៅកម្ទេចចោលផងដែរ៕