(ភ្នំពេញ)​៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានសន្លឹកឆ្នោតអត់បានការច្រើន ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដើម្បីចាត់វិធានការដោះស្រាយ និងពន្យល់ណែនាំប្រជាពលរដ្ឋឲ្យកាន់តែយល់ច្បាស់បន្ថែម អំពីការគូសសញ្ញាធិច លើសន្លឹកឆ្នោត សំដៅបង្កើនចំនួនសន្លឹកឆ្នោតបានការ នៅពេលបោះឆ្នោតក្រោយៗទៀត។

គ.ជ.ប បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ចំនួនសន្លឹកឆ្នោតអត់បានការមានរហូតដល់ទៅ ១៣៣,៤៨៤សន្លឹក ចំណែកសន្លឹកឆ្នោតបានការមានចំនួន ៦,៩៧៣,៩១១សន្លឹក។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ឲ្យដឹងថា ចំនួនសន្លឹកឆ្នោតអត់បានការ នៅអាណត្តិទី៤នេះ ច្រើនជាងអាណត្តិមុនៗ គួឲ្យកត់សម្គាល់។

អ្នកនាំពាក្យរូបនេះ បានបន្តថា នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ គ.ជ.ប នឹងបើកកិច្ចពិភាក្សាជាមួយគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានសន្លឹកឆ្នោតអត់បានការ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤នេះ និងចាត់វិធានការពន្យល់ឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ សំដៅបង្កើនបរិមាណសន្លឹកឆ្នោតបានការ នៅពេលបោះឆ្នោតក្រោយៗទៀត ពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ។

លោកបញ្ជាក់ថា ចំពោះសន្លឹកអត់បានការទាំងនោះ គ.ជ.ប មិនបានកំណត់ថា ប្រជាពលរដ្ឋចង់គូសនៅលើគណបក្សណាច្រើនជាងគេនោះទេ ប៉ុន្តែកំហុសឆ្គងរបស់ប្រជាពលរដ្ឋ ដែលគូសខុសលើសន្លឹកឆ្នោតនេះ គឺច្រើនមាននៅបណ្ដាតំបន់ ដែលប្រជាពលរដ្ឋមិនសូវមានការយល់ដឹងច្រើន ឬមិនទទួលបានការផ្សព្វផ្សាយបានទូលំទូលាយ ពិសេសមនុស្សចាស់។

សូមជម្រាបថា ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ មានប្រជាពលរដ្ឋទៅ បោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់។ លុះដល់ពេលប្រកាសផលទ្ធផលផ្លូវការ គ.ជ.ប បានរកឃើញថា ចំនួនសន្លឹកឆ្នោតអត់បានការមានរហូតដល់ទៅ ១៣៣,៤៨៤សន្លឹក ចំណែកសន្លឹកឆ្នោតបានការមានចំនួន ៦,៩៧៣,៩១១សន្លឹក៕