(ភ្នំ​ពេញ)៖ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានផ្ញើលិខិតអបអរសាទរជូនចំពោះ គណៈកម្មាធិការកណ្ដាល មន្រ្តី និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានទទួលជ័យជំនះ លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។

នៅក្នុងលិខិតរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានសរសេរបញ្ជាក់ថា «គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម រួមជាមួយមន្ដ្រី និងសមាជិកបក្ស សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរ និងសូមជូនពរចំពោះជ័យជំនះនេះ ដល់គណៈកម្មាធិការកណ្ដាល មន្រ្តី និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់»

នៅក្នុងលិខិតបានបន្ថែមទៀតថា «យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេង រួមជាមួយនិងបទពិសោធន៍ ដ៏សំបូរបែបនិងការគាំទ្រពីប្រជាជន គណបក្សប្រជាជនកម្ពុជា នឹងឆ្លងផុតការលំបាក ឧបសគ្គ នឹងបន្ដដឹកនាំប្រជាជនកម្ពុជាដើម្បីទទួលបាននូវជោគជ័យ ថែមទៀតក្នុងការអនុវត្តយុទ្ធសាស្រ្ដចតុកោណដំណាក់ កាលទី៣ សម្រាប់កសាងប្រទេសកម្ពុជា សន្ដិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម»

សូមជំរាបថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចេញផ្សាយដោយ គ.ជ.ប បានបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩៕