(ប៉េកាំង)៖ និស្សិតកម្ពុជាចំនួន១៥៧នាក់ ដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន បានស្ម័គ្រចិត្តចូលជាសមាជិក និងរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដោយពួកគេបានមើលឃើញពីស្នាដៃកសាងប្រទេសជាតិ និងសមិទ្ធផលដ៏ច្រើនសន្លឹកសន្ធាប់ ពិសេសគណបក្សប្រជាជកម្ពុជា ជាគណបក្សតែមួយគត់ ដែលថែរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ដើម្បីទទួល និងប្រកាសបញ្ចូលនិស្សិតទាំង១៥៧នាក់ ជាសមាជិកឲ្យស័ក្តិសមនោះ គណបក្សប្រជាជនកម្ពុជា បានរៀបចំកម្មវិធីបញ្ចូលសមាជិកយុវជនមួយ នាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ នៅរដ្ឋធានីប៉េកាំង ក្រោមអធិបតីយភាពលោកស្រី ខែក កែមាលី ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន និងលោក យស ផានីតា តំណាងក្រុមការងារយុវជនថ្នាក់កណ្តាល ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។

ក្រៅពីអំណះអំណាងខាងលើ ក្រុមយុវជនក៏បានបញ្ជាក់ពីការមើលឃើញថា សមទ្ធិផលដ៏ច្រើនសន្ធឹកសន្ធាប់របស់រាជរដ្ឋាភិបាល ដូចជា ជ័យជម្នះ ៧មករា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត គោលនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាយូរឆ្នាំ នៅកម្ពុជាពិតប្រាកដ និងការបន្តរក្សាបាននូវស្ថិរភាព និងសន្តិភាព ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

និស្សិតទាំង១៥៧នាក់ បានប្តេជ្ញាចូលរួមរស់ជាគ្រួសារតែមួយ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីបន្តពង្រឹង និងពង្រីកនូវកម្លាំងសាមគ្គីភាព នៃប្រជាជាតិខ្មែរតែមួយ និងចូលរួមជាចលករ ក្នុងគោលបំណងជំរុញបន្ថែមទៀតនូវការកសាង និងអភិវឌ្ឍន៍ជាតិឲ្យបានកាន់តែឆាប់រហ័ស ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕