(ប៉េកាំង)៖ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិនប្រមាណ១៦០នាក់ បានជួបជុំគ្នារៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៦ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានលោកស្រី ខែក កែមាលី ប្រធានគណៈកម្មាធិការបក្ស នៅសាធារណរដ្ឋប្រជាមានិតចិន និងលោក យស ផានីតា តំណាងក្រុមការងារយុវជនថ្នាក់កណ្តាល។

​កម្មវិធីនេះធ្វើឡើងនៅថ្ងៃចុងសប្តាហ៍នេះ ក៏មានការចូលរួមពីសមាជិក-សមាជិកាបក្ស មកពីទូទាំងប្រទេសចិន និងមានការចូលរួមអបអរសាទរជាកិត្តិយស ពីគណបក្សកុំម្មុយនីស្តចិន យុវជនបក្សកុំម្មុយនីស្តចិន និងមិត្តភ័ក្ភិជនជាតិចិនជាច្រើននាក់។

​លោក អ៊ុំក ភាង អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា នៅប្រទេសចិន បានពាំនាំការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្ស ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសមាជិក-សមាជិកាទាំងអស់ នៅប្រទេសចិន។

ក្នុងនោះដែរ លោក អ៊ុំ វុទ្ធទី តំណាងអង្គពិធី និងយុវជនគណបក្សនៅប្រទេសចិន ក៏បានរៀបរាប់ពីសមទ្ធិផលជាច្រើនរបស់បក្សនៅក្នុងសង្គមជាតិ ហើយក៏បានប្តេជ្ញាចិត្តបំពេញភារកិច្ច និងតួនាទីរបស់ខ្លួន ក្នុងគោលដៅយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅឆ្នាំ២០១៨ បន្តទៀត។

ក្រុមយុវជនកម្ពុជានៅប្រទេសចិន ភាគច្រើនសុទ្ធតែទទួលបានការជ្រោមជ្រែង និងទំនុកបម្រុងពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហ៊ុន ម៉ាណែត ដែលតែងតែអនុញ្ញាឲ្យក្រុមនិស្សិត និងយុវជនកម្ពុជា ចូលជួបសម្ដែងការគួរសម ក្នុងពេលអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិនម្ដងៗ ដែលទាំងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅចំពោះយុវជន បញ្ញាវ័ន្តកម្ពុជា ដែលសិក្សានៅប្រទេសចិន ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ៕